វៀតណាមនឹងផ្តោតលើគម្រោងវិទ្យាសាស្ត្រសំខាន់ចំនួន ៥

ឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្ត្រជាង ៧០នាក់ ដែលចូលរួមក្នុងគម្រោងវិទ្យាសាស្រ្តសំខាន់ចំនួន ៥ សម្រាប់ប្រទេសវៀតណាម។

គម្រោង ទី១៖ ការស្រាវជ្រាវ និងការរៀបចំប្រមូលសៀវភៅប្រវត្តិសាស្ត្រជាតិរួមបញ្ចូល សៀវភៅប្រវត្ដិសាស្ដ្ររបស់វៀតណាមចំនួន ២៥សំណុំ, វចនានុក្រមវៀតណាមចំនួន ៥សំណុំ និងមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រវៀតណាម។

ទី២ ៖ ការរៀបចំ «សព្វវចនាធិប្បាយវៀតណាម» ចំនួន ៣៧សំណុំ ដែលមានទាំងច្បាប់ចម្លង និងបោះពុម្ពនៅលើអ៊ីនធឺណិត។

ទី៣ ៖ «ភូមិសាស្រ្តតាមតំបន់របស់វៀតណាម» ដើម្បីពិពណ៌នាអំពីខេត្ត និងទីក្រុង ចំនួន ៦៣ នៅទូទាំងប្រទេស និងទិដ្ឋភាពជាក់លាក់របស់វា។

ទី៤ ៖ «ចម្លង (digitizing) ចំណេះដឹងរបស់វៀតណាម» ដើម្បីភ្ជាប់លទ្ធផលស្រាវជ្រាវផ្សេងៗ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងផ្តល់នូវឧបករណ៍ចាំបាច់សម្រាប់គម្រោងវិទ្យាសាស្រ្តដទៃទៀត ខណៈដែលប្រជាប្រិយភាពចំណេះដឹងជាមូលដ្ឋានដល់សាធារណជនទូទៅត្រូវបានជំរុញ។

ចុងក្រោយគឺ ទី៥ ៖ «ការបកប្រែ និងផ្សព្វផ្សាយគុណតម្លៃនៃភាគខាងកើត តាមរយៈសៀវភៅអក្សរសិល្ប៍បុរាណ» ដែលដឹកនាំដោយសាកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ ដើម្បីបកប្រែ និងពន្យល់លំអិតលើតន្ត្រី សាសនា ទស្សនវិជ្ជា និងនយោបាយ។

លោកឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងថា គម្រោងចំនួន ៥ នេះគឺមានអត្ថន័យពិតប្រាកដចំពោះជំនាន់ក្រោយនៃជនជាតិវៀតណាមនាពេលបច្ចុប្បន្ន និងអនាគត។ ពួកគេក៏គាំទ្រលើគោលនយោបាយរបស់រដ្ឋាភិបាលលើការអភិវឌ្ឍវិទ្យាសាស្ត្រ ការអប់រំវប្បធម៌ និងសេដ្ឋកិច្ចយ៉ាងពេគទំហឹង៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider