ព័ត៌មាន February 14, 2019 lyda
ប្រទេសជប៉ុននឹងធ្វើការហាមឃាត់ឪពុកម្តាយ ឬអាណាព្យាបាល ដែលដាក់ទណ្ឌកម្មលើកូនៗ

បន្ទាប់ពីមានករណីដាក់ទណ្ឌកម្មលើកុមារ ដែលឈានដល់ការស្លាប់កាលពីពេលថ្មីៗនេះ ទីក្រុងតូក្យូនឹងដាក់ការហាមឃាត់មិនឱ្យម្តាយឪពុក និងអាណាព្យាបាល ធ្វើទារុណកម្មដោយផ្ទាល់ ឬប្រយោល ទៅលើរាងកាយកុមារនោះឡើយ។ នេះបើតាមសារព័ត៌មានជប៉ុនបានរាយការណ៍កាលពីថ្ងៃពុធ ទី១៣ ខែកុម្ភៈ នេះ ដោយដកស្រង់សម្តីពីរដ្ឋាភិបាលក្រុងតូក្យូ។

ការណែនាំឱ្យហាមឃាត់លើការដាក់ទណ្ឌកម្មលើរាងកាយកុមារ និងសកម្មភាពផ្សេងទៀត ដែលធ្វើឱ្យមានការឈឺចាប់ខាងរាងកាយ និងផ្លូវចិត្តលើកុមារនឹងត្រូវអនុម័ត។ ស្ត្រីមានផ្ទៃពោះ និងកុមារត្រូវបានគេជម្រុញឱ្យមានការពិនិត្យសុខភាពផងដែរ។ ការបញ្ជាជាផ្លូវការនេះក៏តម្រូវឱ្យមជ្ឈមណ្ឌលសុខុមាលភាពកុមារ ចែករំលែកនូវព័ត៌មានជាមួយនឹងមជ្ឈមណ្ឌលផ្សេងៗទៀត ទាក់ទងនឹងករណីការដាក់ទណ្ឌកម្មលើកុមារ ដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូមានបំណងបង្កើតបរិយាកាសមួយ ដែលករណីរំលោភបំពានលើកុមារនឹងត្រូវបានគេរាយការណ៍ដោយមិនស្ទាក់ស្ទើរ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia