បើទៅលេងសៀមរាបលើកក្រោយ កុំភ្លេចចូលទៅថតរូបលេងនៅក្នុងប្រាសាទមួយនេះផង

នៅក្នុងខេត្តសៀមរាបមានប្រាង្គប្រាសាទជាច្រើន ប៉ុន្តែប្រាសាទទាំងអស់មិនប្រាកដថា សុទ្ធតែមានមនុស្សចូលទៅទស្សនាច្រើនទាំងអស់នោះទេ។ ជាក់ស្តែង ប្រាសាទតាសោម ដែលស្ថិតនៅក្នុងឧទ្យានអង្គរក្នុងខេត្តសៀមរាបយើងនេះ មានភ្ញៀវជាតិតិចតួចបំផុតចូលទៅទស្សនា ប៉ុន្តែក្នុងថ្ងៃនេះក្រុមការងារខ្មែរណូតបានចូលទៅផ្តិតយករូបភាពមួយចំនួន ដែលមើលទៅប្លែក និងទាក់ទាញគួរអោយចាប់អារម្មណ៍។ ជាពិសេសក្លោងទ្វារខាងកើតនៃប្រាសាទ យើងឃើញមានដើមឈើដ៏ធំមួយបានឈរនៅពីលើកំពូលប៉មក្លោងទ្វារតែម្តង ហើយវាមើលទៅដូចជាការឆ្លុះបញ្ចាំងពីប្រសាទនិងធម្មជាតិរួមបញ្ចូលគ្នា។ ប្រាសាទមួយនេះផងដែរស្ថិតនៅក្នុងវង់ធំ នៅខាងជើងឈាងខាងលិច និងមានចំងាយពីប្រសាទនាគព័ន្ធប្រហែលជា ២គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ប្រាសាទតាសោមបានស្ថាបនាឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ បើតាមមគ្គុទេសនៅក្នុងតំបន់អង្គរបានអោយដឹងថា ប្រាសាទមួយនេះសាងសង់ឡើងដើម្បីជាការដឹងគុណដល់ព្រះរាជគ្រូរបស់ស្តេច ប៉ុន្តែព័ត៌មានដែលទាក់ទងនឹងប្រាសាទមួយនេះស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ។ បន្ថែមពីនេះទៅទៀត ប្រសាទមួយនេះមានភាពទ្រុតទ្រោម និងត្រូវបានជួសជុលដោយ World monuments Fund នៅឆ្នាំ១៩៩៨ បន្ទាប់ពីបានរកឃើញដោយបារាំងនៅសតវត្សទី ១៩៕

អត្ថបទ៖ សុគុណា