La Voiture Noire លក់ចេញហើយ ក្នុងតម្លៃ ២៧លានដុល្លារ ទៅឱ្យអ្នកទិញអាថ៌កំបាំងម្នាក់

រថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភព Bugatti La Voiture Noire ដែលត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងព្រឹត្តការណ៍ Geneva International Motor Show 2019 បានរកឃើញម្ចាស់ហើយពេលនេះ ដោយវាត្រូវបានគេលក់ឱ្យអ្នកទិញអាថ៌កំបាំងម្នាក់ក្នុងតម្លៃ ២៧លានដុល្លារ ។

រថយន្តស្ព័រពណ៌ខ្មៅរលោងនេះ មានកម្លាំង 1,500 សេះ ស៊ីឡាំង 16 ទំហំចំណុះ 8លីត្រ ដែលត្រូវបានស្រោបដោយសារធាតុកាកសរសៃកាបូន។ ក្រុមហ៊ុន Bugatti មិនបានបញ្ជាក់លម្អិតអំពីលក្ខណៈពិសេសរបស់វាច្រើននោះទេ បើទោះបីជាវាត្រូវបានគេគិតថា មានភាពស្រដៀងគ្នា ឬដូចទៅនឹងម៉ូដែល Chiron ក៏ដោយ។

ប៉ុន្តែយ៉ាងណាក៏ដោយ Bugatti បានពិពណ៌នាវាថាជា «រថយន្តដែលមានកម្រិតម៉ូដឆើតឆាយបំផុត»
ហើយប្រធានក្រុមហ៊ុនលោក Stephan Winkelmann បាននិយាយថា រថយន្តនេះបានរួមបញ្ចូលគ្នានូវបច្ចេកវិជ្ជាដ៏វិសេសវិសាល សោភ័ណ្ឌភាព និងភាពប្រណីតខ្ពស់។ វាជាការផលិតដើម្បីប្រារព្ធខួបលើក ទី110 និងជាការយកលំនាំពី Bugatti 57SC Atlantic ដែលធ្លាប់បានផលិតឡើងតែ ៤ ប៉ុណ្ណោះ កំឡុងឆ្នាំ 1936-1938 ។ ម្ចាស់ចុងក្រោយរបស់ 57SC Atlantic គឺប្រធានផ្នែកច្នៃប្រឌិតលោក Ralph Lauren ។

សម្រាប់រថយន្ត Bugatti ម៉ូដែល La Voiture Noire គឺបានលក់ចេញហើយ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ចេញអត្តសញ្ញាណនោះទេ ព្រោះវាជាភាពឯកជនរបស់អ្នកទិញ។ ប៉ុន្តែមានមនុស្សជាច្រើនគិតថា លោក Ferdinand Piech ដែលជាចៅប្រុសរបស់ស្ថាបនិកក្រុមហ៊ុន Porsche គឺជាម្ចាស់ La Voiture Noire មួយនេះ។ ហើយលោក Piech នេះផ្ទាល់ គឺជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volkswagen៕

អត្ថបទ៖ លីដា
ប្រភព៖ abc