ព័ត៌មាន March 25, 2019 Khmernote
វិធីសន្សំលុយ ៦ យ៉ាងល្អបំផុតសម្រាប់អ្នកទម្លាប់ចាយលុយខ្ជះខ្ជាយ

មនុស្សជាច្រើនតែងកុហកខ្លួនឯងជានិច្ចរឿងសន្សំលុយ ដោយគិតថាចាំពេលនេះ ឬពេលនោះចាំសន្សំលុយ តែជាក់ស្តែងពួកគេមិនអាចសន្សំលុយបានទាល់តែសោះ។ កុំចាំស្អែកទៀត ចាប់ផ្តើមសន្សំលុយរបស់លោកអ្នកពីថ្ងៃនេះទៅ ដោយជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីល្អៗទាំង ៦ ខាងក្រោមនេះ៖

១. វិធី ៨០/២០៖ ដក ២០% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នកមកសន្សំទុកជាប្រចាំ ហើយត្រូវរៀនចាយជាមួយនឹងលុយ ដែលនៅសល់ ៨០% ទៀតឲ្យបានពេញមួយខែ។

២. វិធី ៦០/១០/១០/១០/១០៖ បែងចែកលុយជាប្រាំចំណែក ដូចខាងក្រោម៖

-៦០% សម្រាប់ចាយលើការចាំបាច់

-១០% សម្រាប់ការកំសាន្ត

-១០%​​ សម្រាប់ចូលនិវត្តន៍

-១០% សម្រាប់ទិញរបស់ប្រើប្រាស់ក្នុងរយៈពេលវែង

-១០% សម្រាប់ការចំណាយដ៏កម្រ ឬមិនបានគ្រោងទុក

៣. វិធី ១០%៖ យក ១០% នៃប្រាក់ចំណូលសរុបរបស់អ្នកទៅដាក់ក្នុងធានាជាប្រចាំ ហើយដាច់ខាតមិនដកលុយនេះទាល់តែសោះ ចាំដល់ពេលដែលអ្នកបានកំណត់ថាត្រូវដក ចាំទៅដកលុយនេះមកប្រើ។

៤. វិធីពាក់កណ្តាល៖ ពេលបើកប្រាក់ខែភ្លាមត្រូវយកលុយទៅដាក់សន្សំពាក់កណ្តាល និងទុកចាយពាក់កណ្តាល។ ហើយបើក្នុងករណីចាំបាច់អ្នកអាចទៅដកលុយសន្សំមកចាយម្តងទៀតបាន តែត្រូវចាំថាដកបានតែពាក់កណ្តាលប៉ុណ្ណោះ។

៥. កញ្ចប់ទាំង ៤៖ ដកលុយ ១០-២០% នៃប្រាក់ចំណូលសរុបសម្រាប់សន្សំ។ ដកប្រាក់សម្រាប់បង់ថ្លៃផ្ទះ ថ្លៃសាលា ទឹក ភ្លើង ទុកមួយឡែក។ ហើយប្រាក់ដែលនៅសល់ត្រូវបែកចែកជា ៤ កញ្ចប់ផ្សេងគ្នា សម្រាប់ប្រើ ១ កញ្ចប់ក្នុង ១ សប្តាហ៍។ ហើយដាក់កំហិតខ្លួនថា ក្នុងមួយសប្តាហ៍ត្រូវចាយតែមួយកញ្ចប់ប៉ុណ្ណោះ មិនអាចលើសចូលកញ្ចប់ផ្សេងនោះទេ។

៦. វិធីសន្សំបែបមនុស្សចាស់៖ ប្រាក់ចំណូលរបស់អ្នកត្រូវតែបែបចែកជាកញ្ចប់តូចៗ ដូចជាកញ្ចប់សម្រាប់សន្សំ សម្រាប់ទិញអាហារ សម្រាប់ថ្នាំពេទ្យ សម្រាប់បង់ថ្លៃផ្ទះ សាលា ទឹក ភ្លើង សម្រាប់ការកំសាន្ត សម្រាប់ទិញខោអាវ ឬមានកញ្ចប់ផ្សេងទៀតតាមតម្រូវការជាក់ស្តែងរបស់អ្នក ហើយចំនួនលុយនៃកញ្ចប់នីមួយៗក៏អាស្រ័យលើ តម្រូវការជាក់ស្តែងរបស់អ្នកដែរ។ វិធីនេះធ្វើឲ្យអ្នកដឹងច្បាស់ថា អ្នកមានប្រាក់ចំនួនប៉ុន្មានសម្រាប់ចាយលើផ្នែកណាមួយ ហើយក្នុងករណីដែលអ្នកចាយលើសក្នុងកញ្ចប់ណាមួយ ត្រូវយកលុយពីកញ្ចប់ផ្សេងទៀតទៅបំពេញវិញ។ ឧទាហរណ៍ថា ខែនេះអ្នកបានទិញខោអាវច្រើនទៅហើយ ដូចនេះត្រូវដកប្រាក់ពីកញ្ចប់សម្រាប់ការកំសាន្តមកបំពេញវិញ ដែលមានន័យថាខែនេះគ្មានប្រាក់សម្រាប់ការកំសាន្តនោះទេ។ អ្នកអាចដកប្រាក់ពីកញ្ចប់ណាមួយទៅបំពេញនៅក្នុងកញ្ចប់ផ្សេងទៀតបាន តែដាច់ខាតមិនត្រូវដកពីកញ្ចប់សម្រាប់សន្សំនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ brightside