ប្រាសាទបន្ទាយស្រីតូចមែន ប៉ុន្តែមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដោយសារចំនុចទាក់ទាញទាំងអស់នេះ

ប្រាសាទបន្ទាយស្រីជាប្រាសាទតូចមួយ ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅជិតរង្វង់មូលភ្នំគូលែន ដែលមានចំងាយពីក្រុងសៀមរាបប្រហែល ៣៥គីឡូម៉ែត្រ និងប្រើពេលប្រហែលជា១ម៉ោង ដើម្បីជិះទៅពីក្រុងសៀមរាប។ យើងដឹងហើយថា ប្រាសាទនេះមានប្រជាជនខ្មែរយើងភាគច្រើនស្គាល់ និងចូលទស្សនាជាច្រើន មានកន្លែងចតឡានធំ ព្រមទាំងមានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ប៉ុន្តែភាគច្រើនប្រហែលជាមិនសូវបានដឹងពីលក្ខណៈពិសេសរបស់ប្រាសាទតូចមួយនេះទេ។ ថ្ងៃនេះក្រុមការងារខ្មែរណូត បានចុះទៅយកព័ត៌មាន និងបានសាកសួរពីបងៗ ដែលជាមគ្គុទេសនៅក្នុងតំបន់អង្គរ ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមពីប្រាសាទខ្មែរយើង។

តាមរយៈការបកស្រាយរបស់ពួកគាត់បានអោយដឹងថា មូលហេតុដែលប្រាសាទមានអាយុជាង១សហស្សវត្សរ៍ មួយនេះមានភ្ញៀវចូលទស្សនាច្រើនយ៉ាងនេះ ព្រោះប្រាសាទនេះ បុព្វបុរសខ្មែរយើងបានយកថ្មភក់មួយប្រភេទ ដែលជាថ្មភក់កំរ ហើយមានព៌ណផ្កាឈូក ឬក្រហមយកមកសង់ជាប្រាសាទ និងមានតែមួយគត់នៅក្នុងតំបន់អង្គរ។ ថ្មប្រភេទនេះមានគុណភាពល្អបំផុត និងពិបាករក ហើយវាមានការលំបាកក្នុងការឆ្លាក់ ព្រោះថ្មភក់ប្រភេទនេះរឹងខ្លាំង ប៉ុន្តែបើសិនជាយើងឆ្លាក់វាបាននោះវានឹងបង្ហាញពីភាពអស្ចារ្យនៃចម្លាក់ និងអាចទុកបានគង់វង្សយូរអង្វែង។

បន្ថែមពីនេះទៀត ប្រាសាទនេះបើធៀបជាមួយប្រាសាទអង្គរវត្ត វាមានអាយុច្រើនជាងអង្គរវត្តប្រហែល ១៥០ឆ្នាំ ប៉ុន្តែបើនិយាយពីចម្លាក់គឺមិនអាចប្រៀបធៀបគ្នាបានទេ។ គួរបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយស្រី ត្រូវបានស្ថាបនាឡើងនៅក្នុងពាក់កណ្តាលទី ១០ ដោយព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី ៥ដើម្បីឧទ្ទិសដល់ព្រះឥសូរ ហើយប្រាសាទនេះមានបីជាន់ ដែលសាងសង់រាបផ្ទាល់ដី និងមានកំពូល៣ ដែលនៅលើគ្រឹះតែមួយ។ ជាចុងក្រោយក្រុមការងារខ្មែរណូតយើងខ្ញុំ សូមអរគុណរាល់ការតាមដានរាល់ព័ត៌មានរបស់ពួកយើងខ្ញុំ ហើយក៏សូមសំណូមពរអោយបងប្អូនខ្មែរទាំងអស់រៀនយល់ដឹងពីប្រវត្តិសាស្រ្ត និងស្វែងយល់ពីគុណប្រយោជន៍នៃបេតិកភ័ណ្ឌរបស់ជាតិយើងទាំងអស់គ្នា៕

អត្ថបទ៖ Sokunna