មុននឹងចង់ឡើងដល់ជាន់បាកាណប្រាសាទអង្គរវត្ត ភ្ញៀវជាតិ និងអន្តរជាតិត្រូវដឹងពីប៉ុន្មានចំនុចនេះជាមុនសិន ជៀសវាងអត់បានឡើង

ប្រាសាទអង្គរវត្តគឺជាគោលដៅចំបងរបស់ភ្ញៀវអន្តរជាតិ ដែលបានចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាយើង ព្រោះប្រាសាទអង្គរវត្តគឺជាសំណង់ស្ថាបត្យកម្មដ៏ធំមហិមា និងត្រូវបានគេទទួលស្គាល់ថាគឺជាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេលើពិភពលោក បើទោះបីជាប្រទេសកម្ពុជានាពេលសព្វថ្ងៃគឺជាប្រទេសកាន់សាសនាព្រះពុទ្ធបែបហិនយានយ៉ាងណាក្តី។ ដូចនេះនៅក្នុងប្រាសាទទាំងអស់នៅក្នុងតំបន់អង្គរមានច្បាប់ និងបទបញ្ជាមួយចំនួនដែលបានកំណត់ដោយអាជ្ញាធរអប្សរាជាតិ និងអង្គការ យូនីស្កូរ ជាពិសេសគឺនៅក្នុងប្រាសាទអង្គរវត្តជាន់បាកាណនេះតែម្តង។

ចំនុចទីមួយភ្ញៀវទាំងអស់ត្រូវពិនិត្យមើលប្រតិទិនសិន បើសិនជាចង់ឡើងទៅលើជាន់បាកាណ ដែលជាជាន់ចុងគេបង្អស់ ព្រោះរៀងរាល់ថ្ងៃសីល ជាន់បាកាណនឹងបិទមិនអោយមនុស្សឡើងទៅទស្សនានោះទេ។ ហើយមួយវិញទៀតជាន់បាកាណត្រូវបានកំណត់ចំនួនភ្ញៀវអោយឡើងក្នុងមួយដងបានត្រឹមតែ ១០០នាក់តែប៉ុណ្ណោះ ដោយគេមានកាតសំគាល់ពិសេសសម្រាប់ភ្ញៀវ។ មិនតែប៉ុណ្ណោះជួនកាលភ្ញៀវទាំងអស់ត្រូវតំរង់ជួររងចាំពីចន្លោះ ៣០ ទៅ ៤៥នាទីប្រសិនបើចង់ឡើង ព្រោះប្រាសាទនេះមានអ្នកចូលទស្សនារាប់ពាន់នាក់ក្នុង១ថ្ងៃៗ។ ហើយចំនុចមួយទៀត អ្នកចូលទស្សនាទាំងអស់ត្រូវស្លៀកពាក់ខោអាវអោយបានសមរម្យ ហើយត្រូវចាំថាមិនអាចយកកន្សែង ឬក្រណាត់យកមកដណ្តប់ពីលើទេ និងមិនអនុញ្ញាតអោយប្រើមួក ឬឆ័ត្រដើរឡើងនោះទេ បើចង់ឡើងទៅលើជាន់បាកាណ។

គួរបញ្ជាក់ផងដែរថាប្រាសាទអង្គរវត្តនៅលើជាន់បាកាណគឺជាកន្លែង ដែលខ្មែរយើងចាត់ទុកថាជាកន្លែងស័ក្តិសិទ្ធជាងគេ និងណាមួយច្បាប់ទាំងអស់នេះគឺយើងចង់កាត់បន្ថយ និងអភិរក្សសំណង់ប្រាសាទអោយបានគង់វង្សយូរអង្វែង ព្រោះសព្វថ្ងៃនេះប្រាសាទអង្គរវត្តកាន់តែទ្រុតទ្រោម ដោយសារចំនួនអ្នកទស្សនា១ថ្ងៃៗ មានរាប់ពាន់នាក់។

ជាព័ត៌មានបន្ថែម ប្រាសាទអង្គរវត្តមានអាយុប្រហែល ៩០០វស្សា ដែលបានកសាងឡើងនៅក្នុងដើមសតវត្សទី ១២ ១១១៣ ដោយព្រះបាទសរ្យវរ្ម័នទី២ សំរាប់ឧទិ្ទសដល់ព្រះសេវៈក្នុងសាសនាហិនឌូ។ ហើយយើងសង្ឃឹមថាព័ត៌មានទាំងនេះនឹងមានប្រយោជន៍ដល់ប្រជាជនយើងអោយបានដឹង មុននឺងចង់ទៅទស្សនាប្រាសាទក្នុងតំបន់អង្គរ៕

អត្ថបទ៖ សុគុណា