ទឹកចិត្តឪពុក! សុខចិត្តលក់ផ្ទះ និងដើរខំលក់កាហ្វេ ដើម្បីយកលុយឲ្យកូនស្រីទៅរៀនបរទេស ចុងក្រោយពេលរៀនចប់កូនមិនព្រមត្រលប់មកជួបឪពុកវិញ

វៀតណាម៖ បុរសចំណាស់ ដែលជាអ្នកជិះម៉ូតូលក់​កាហ្វេតាមដងផ្លូវម្នាក់បានខំរកប្រាក់យ៉ាងលំបាក និងសុខចិត្តលក់ផ្ទះផ្ទាល់ខ្លួនមួយខ្នងផង ដើម្បីយកលុយឲ្យកូនស្រីពីរនាក់របស់គាត់ទៅរៀននៅអាមេរិក តែក្រោយពេលរៀនចប់កូនស្រីរបស់គាត់មិនត្រលប់មកជួបគាត់វិញទាល់តែសោះ។ លោកឪពុកកំសត់រូបនេះមានឈ្មោះថា Duyen អាយុ ៧៤ ឆ្នាំ រស់នៅក្នុងក្រុងហូជីមិញ​ ប្រទេសវៀតណាម ហើយប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់ជាច្រើនឆ្នាំមកហើយ ដោយបន្សល់ទុកកូនស្រីចំនួនពីរនាក់។ ដោយស្រលាញ់កូនស្រី គាត់សុខចិត្តលក់ផ្ទះរបស់គាត់មួយខ្នង និងប្រមូលលុយ ដែលគាត់សន្សំបានទាំងអស់ ដើម្បីឲ្យកូនស្រីរបស់គាត់បានទៅបន្តការសិក្សានៅអាមេរិក។

នៅក្នុងឆ្នាំ ២០០៩ កូនស្រីរបស់គាត់ម្នាក់បានរៀនចប់ក្លាយជាវេជ្ជបណ្ឌិត និងម្នាក់ទៀតបានក្លាយជាសាស្ត្រាចារ្យ ​ហើយពួកគេបន្តរស់នៅ និងធ្វើការងារនៅអាមេរិកមិនត្រលប់មកជួបឪពុកវិញឡើយ ដោយទុកឲ្យគាត់រស់នៅតែម្នាក់ឯង។ យ៉ាងណាក្តី កូនស្រីតែងតែធ្វើការទំនាក់ទំនងមកកាន់ឪពុករបស់នេះជារឿយៗ និងបានប្រាប់ឲ្យគាត់សន្សំលុយ ដើម្បីទិញសំបុត្រយន្តហោះទៅលេងពួកគេនៅអាមេរិកវិញ។ រហូតមកទល់នឹងពេលនេះ គាត់បានសន្សំលុយគ្រប់ចំនួនហើយសម្រាប់ទៅលេងអាមេរិក ហើយគាត់បានសរសេរអក្សរបិទនៅលើម៉ូតូលក់កាហ្វេរបស់គាត់ថា គាត់នឹងផ្អាកលក់កាហ្វេ ៤៨ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ខែ មីនា ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ដើម្បីទៅលេងកូនស្រីនៅអាមេរិក។ លោក Duyen ប្រាប់អ្នកឲ្យដឹងថា​ គាត់មិនស្តាយក្រោយចំពោះការលះបង់របស់គាត់ចំពោះកូនស្រីឡើយ ហើយគាត់សប្បាយចិត្តខ្លាំងណាស់ដែលឃើញកូនស្រីរបស់គាត់ទទួលបានជោគជ័យក្នុងជីវិតដូចនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz