កិច្ចព្រមព្រៀងចែកទិន្នន័យជាមួយនឹងក្រុមហ៊ុនចំនួន ១៥០ របស់ Facebook កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ

Facebook កំពុងស្ថិតក្នុងការស៊ើបអង្កេតដោយហេតុថា បណ្តាញសង្គមយក្សមួយនេះ បានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យារាប់សិបក្រុមហ៊ុនដោយមិនមានការព្រមព្រៀងពីអ្នកប្រើប្រាស់។ ព្រះរាជអាជ្ញាកំពុងធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌលើកិច្ចព្រមព្រៀងទិន្នន័យ ដែលបានធ្វើឡើងដោយ Facebook ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចំពេលឱ្យមានការត្រួតពិនិត្យពិច័យយ៉ាងសកម្មមកលើក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ប្រភពពីអនាមិកបានប្រាប់ The New York Times ថា ចៅក្រមញូវយ៉កក៏បានធ្វើដីកាកោះហៅក្រុមហ៊ុនស្មាតហ្វូនចំនួន ២ ដែលពាក់ព័ន្ធនឹងភាពជាដៃគូជាមួយ Facebook ផងដែរ។ ទិន្នន័យដែល Facebook ចែករំលែកឱ្យក្រុមហ៊ុនជាដៃគូមានដូចជា៖ ឈ្មោះ ភេទ ថ្ងៃកំណើត និងផ្សេងៗទៀត។ The New York Times ក៏បានរាយការណ៍បន្ថែមថា Amazon, Apple, Microsoft និង Sony ពេលនេះបានកាត់ចេញនូវការព្រមព្រៀងចែករំលែកទិន្នន័យជាមួយ Facebook នេះហើយ ខណៈជាច្រើនលើកមកហើយដែល Facebook បានប្រកែកថា ពួកគេមិនបានប៉ះពាល់ពត៌មានបុគ្គល និងព្យាយាមរឹតបន្តឹងបញ្ហាទាំងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail