ហួសចិត្ត! ធ្វើពុតជាអតីតប្តីតាមចាប់ជំរិត និងសម្លាប់ ដោយសារចង់បែកគ្នាជាមួយសង្សារ ព្រោះតែគាត់ជាអ្នកក្រ

ស្ត្រីម្នាក់រស់នៅភាគកណ្តាលប្រទេសចិនត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទក្លែងបន្លំការចាប់ជំរិត និងការស្លាប់របស់ខ្លួន ដើម្បីយកលេសបែកគ្នាពីមិត្តប្រុសរបស់នាងឈ្មោះថា Lin ។ ស្ត្រីវ័យ ៣៧ឆ្នាំ ដែលមាននាមត្រកូលឈ្មោះ Yu ត្រូវបានគេឱ្យដឹងថា បានចង់បែកបាក់គ្នាជាមួយបុរសជាសង្សារ បន្ទាប់ពីរកឃើញថា គាត់ជាអ្នកក្រ ប៉ុន្តែនាងក៏ដឹងដែរថា​ បើទៅសុំបែកផ្ទាល់មាត់នឹងមិនបែកគ្នាស្រួលទេ។ នាង Yu បានសម្តែងជាអតីតស្វាមី និងបានផ្ញើសារគំរាមកំហែងទៅដល់មិត្តប្រុសដោយនិយាយថា នាងត្រូវបានគេសម្លាប់ ហើយសពរបស់នាងត្រូវបានគេបោះចូលក្នុងបឹងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ។

នៅថ្ងៃកើតហេតុបុរសជាសង្សារវ័យ ៣៦ឆ្នាំ រូបនោះបានរាយការណ៍ប្រាប់ប៉ូលិសក្នុងតំបន់ថា មិត្តស្រីរបស់គាត់បានបាត់ខ្លួនពីកន្លែងស្នាក់នៅរបស់ពួកគេនៅឧទ្យានឧស្សាហកម្ម Huangpi Jiahai ដែលពួកគេធ្វើការនៅទីនោះ បន្ទាប់ពីត្រឡប់មកពីចូលឆ្នាំវិញ។ ហើយមិនប៉ុន្មាននាទីបន្ទាប់ពីប្តឹងប៉ូលិស រូបគាត់ក៏បានទទួលសារពីនាង Yu ដោយប្រាប់ថា រូបនាងត្រូវបានអតីតប្តីជំរិតយកទៅ និងប្រាប់ឱ្យបុរសជាសង្សារប្រញាប់មកជួយនាងផង។ និយាយមិនទាន់ចប់សាច់រឿងផង លោក Lin ក៏ដាច់ការទាក់ទងពីនាង Yu ក្រុមប៉ូលិសក៏មិននៅស្ទាក់ស្ទើរយូរដែរ ពួកគេចាប់ផ្តើមធ្វើការលើរឿងនេះភ្លាម។

ក្រោមមកអ្វីដែលហួសចិត្តបំផុតគឺមន្ត្រីប៉ូលិស ២០នាក់ បានស្រាវជ្រាវរកឃើញថា នាងកំពុងតែស្នាក់នៅផ្ទះសំណាក់មួយនៅស្រុក Tenglong និងគ្មានរបួសអ្វីនោះឡើយ។ មន្ត្រីប៉ូលិសក្រោយមករកមិនឃើញស្លាកស្នាមណាមួយបញ្ជាក់ថា នាង Yu ត្រូវបានគេចាប់ជំរិតនោះទេ ហើយក្រោយមកនាងក៏បានសារភាពថា នាងបោកប្រាស់ពួកគេ ព្រោះនាងចង់បែកពីសង្សារប្រុសដែលនាងបានដឹងថា ការពិតគាត់ជាអ្នកក្រប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail