ប្លែកទៀតហើយ! សាកលវិទ្យាល័យមួយនៅចិន ចេញច្បាប់ថ្មីឲ្យសិស្សមាន Friend ក្នុង WeChat យ៉ាងហោចណាស់ ១,០០០នាក់ ទើបអាចជាប់ពិន្ទុកិច្ចការសាលា

មហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិកម្មហេណាន នៅក្នុងខេត្តហេណាន របស់ប្រទេសចិន កំពុងបង្កើតនូវច្បាប់ដ៏ចម្លែកមួយ គឺពួកគេតម្រូវឱ្យនិស្សិតបង្កើនមិត្ត (Add Friend) នៅក្នុងបណ្តាញសង្គមរបស់ចិន WeChat ឱ្យបាន ១,០០០នាក់ ទើបពួកគេទាំងនោះអាចមានពិន្ទុនៅក្នុងកិច្ចការសាលារបស់ពួកគេ។ របាយការណ៍ក៏បានឱ្យដឹងដែរថា និស្សិតទាំងអស់នឹងត្រូវបំពេញកាតព្វកិច្ចនេះឱ្យបានរួចរាល់ក្នុងរយៈពេល ២សប្តាហ៍។ ប្រសិនបើពួកគេអាចបង្កើនមិត្តភក្តិបានរហូតដល់ ១,៦៦៧ ឬលើសពីនេះ ពួកគេនឹងបានពិន្ទុពេញតែម្តង។

មូលហេតុដែលពួកគេត្រូវតែដើរ Add Friend ឱ្យបានច្រើនបែបនេះ គឺដោយសារតែវាជាមុខវិជ្ជាថ្មីរបស់សាកលវិទ្យាល័យ ហើយការបង្កើនមិត្តថ្មីឱ្យបាន ១,០០០នាក់ នេះនឹងផ្តល់ពិន្ទុឱ្យពួកគេ ៣០% នៃពិន្ទុសរុប។ ពួកគេនឹងត្រូវរៀបរាប់ដំណើរហេតុដែលពួកគេ Add ទៅនរណាម្នាក់នៅក្នុង Group Chat របស់ថ្នាក់ ហើយពិន្ទុរបស់មុខវិជ្ជានេះក៏នឹងត្រូវសម្រេចដោយមិត្តភក្តិទាំងអស់ដែលពួកគេ Add ទៅដូចគ្នា។ យ៉ាងណាក៏ដោយនិស្សិតមួយចំនួនមិនសប្បាយចិត្តជាមួយនឹងច្បាប់មួយនេះទេ! ពួកគេគិតថា ត្រឹមរយៈពេលតែ ២សប្តាហ៍ តើពួកគេនឹងបំពេញវាបានយ៉ាងម៉េចទៅ? ខ្លះទៀតក៏មានការត្អូញត្អែរទៅលើបណ្តាញសង្គមផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ shanghai