ជោគជ័យមួយជំហានហើយ! ពេលនេះសំណាញ់ដែលបានដាក់ដើម្បីទប់សំរាម គឺមិនមានអ្នកដកចេញទៀតទេ

អស់រយៈពេលជាច្រើនថ្ងៃមកហើយដែលយុវជនមួយក្រុមនេះបានដុតដៃដុតជើងប្រមូលសំរាមសម្អាតប្រព័ន្ធប្រលាយលូទឹកស្អុយបឹងត្របែក។ រឿងរ៉ាវរបស់ពួកគាត់ហាក់ទទួលបានចំណាប់អារម្មណ៍ពីមហាជនជាខ្លាំង ដោយទទួលបានការកោតសរសើរមិនដាច់ពីមាត់នូវទឹកចិត្តដែលពួកគាត់មាន និងឆន្ទៈយ៉ាងរឹងមាំមិនប្រែប្រួល។

ថ្មីៗនេះខាងក្រុមយុវជននេះក៏បានឲ្យដឹងដែរថាពួកគាត់បានរៀបចំសំណាញ់ដាក់ដើម្បីទប់សំរាមបានជោគជ័យហើយ។ តាមរយៈប្រភពទំព័រ Life Unlock ដែលបានសរសេររៀបរាប់ឲ្យដឹងថា «ថ្ងៃទី១២ អត់មានអ្នកដកសំណាញ់ចេញទៀតទេ!!» ជាមួយរូបភាពដែលពួកគាត់បានចងសំណាញ់ដើម្បីទប់សំរាមកុំឲ្យអណ្តែតពេញប្រព័ន្ធលូទៀត។ នេះអាចចាត់ទុកថាជាការជោគជ័យមួយជំហានសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគាត់ និងសង្ឃឹមថាបងប្អូនគ្រប់គ្នានឹងយកគំរូល្អៗពីពួកគាត់ ដើម្បីបរិស្ថានរបស់ប្រទេសយើងទទួលបានអនាម័យស្រស់ស្អាត និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នាផងដែរ៕ អត្ថបទ៖ មេសា