មហាសេដ្ឋីវៀតណាម ៥ រូប បានជាប់ក្នុងបញ្ជីឈ្មោះរបស់ទស្សនាវដ្ដី Forbes ឆ្នាំ២០១៩

យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ដែលបានចេញផ្សាយនូវលទ្ធផលប្រចាំ ឆ្នាំ២០១៩ បានឱ្យដឹងថា ជនជាតិវៀតណាមចំនួន ៥នាក់ បានជាប់នៅក្នុងបញ្ជីក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំមុនមានតែ ៣នាក់ ប៉ុណ្ណោះ។ ក្នុងនោះបុគ្គលជាប់ឈ្មោះទាំង ៥ រួមមាន៖ លោក Pham Nhat Vuong លោកស្រី Nguyen Thi Phuong Thao លោក Tran Ba ​​Duong និងចំណូលថ្មី លោក Nguyen Dang Quang និង លោក Ho Hung Anh។

លោក Pham Nhat Vuong មានទ្រព្យសម្បត្តិសរុបចំនួន ៦.៦ ពាន់លានដុល្លារ ឈរនៅលំដាប់ទី ២៣៩ ក្នុងចំណោមប្រជាជនដែលមានជាងគេបំផុតនៅលើពិភពលោក។ លោក Vuong ជាប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំបំផុតមួយរបស់វៀតណាម ដែលជាក្រុមហ៊ុនអចលនទ្រព្យ លក់រាយ និងថែទាំសុខភាព…។

លោកស្រី Nguyen Thi Phuong Thao មានទ្រព្យសម្បត្តិសរុប ២.៣ ពាន់លានដុល្លារ ឈរនៅលំដាប់លេខ ១០០៨ ។ លោកស្រី Thao គឺជាមហាសេដ្ឋីជាស្ត្រីដែលតស៊ូដោយបាតដៃទទេដំបូងគេរបស់ប្រទេសវៀតណាម ហើយក៏ជាប្រធានក្រុមហ៊ុន VietJet Air និងវិនិយោគនៅ HD Bank និងអចលនទ្រព្យ រួមទាំងឆ្នេរកម្សាន្តចំនួន ៣ ផងដែរ។

លោក Tran Ba ​​Duong មានទ្រព្យសម្បត្តិសរុបចំនួន ១.៧ ពាន់លានដុល្លារ ឈរនៅលំដាប់ទី ១៣៤៩ ។ លោក ​​Duong បង្កើតក្រុមហ៊ុន Truong Hai (Thaco) នៅឆ្នាំ ១៩៩៧ ដែលដំបូងគ្រាប់តែលក់រថយន្ត ហើយក្រោយមកបានចាប់ផ្តើមដំឡើងរថយន្តសម្រាប់យីហោបរទេសដូចជា៖ ក្រុមហ៊ុន Kia Mazda និង Peugeot ។

ក្នុងចំណោមអ្នកចំណូលថ្មី ២នាក់ លោក Ho Hung Anh ជាប្រធានរបស់ Techcombank បានជាប់ចំណាត់ថ្នាក់លេខ ១៣៤៩ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១.៧ ពាន់លានដុល្លារ និងលោក Nguyen Dan Quang ជាប្រធានក្រុមហ៊ុន Masan Group បានជាប់ចំណាត់ថ្នាក់លេខ ១៧១៧ ជាមួយនឹងទ្រព្យសម្បត្តិសរុប ១.៣ ពាន់លានដុល្លារ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider