ផ្សិតអាចបន្ថយហានិភ័យនៃការថយចុះការចងចាំ និងបង្កើនមុខងារខួរក្បាល

ការស្រាវជ្រាវមួយបានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្មពិសេសម្យ៉ាងគឺមានវត្តមាននៅក្នុងផ្សិត ហើយវាអាចមានឥទ្ធិពលការពារខួរក្បាលមនុស្សបាន។ អ្នកបរិភោគផ្សិតកាន់តែច្រើនប៉ុណ្ណា ពួកវានឹងកាន់តែធ្វើឱ្យមានផលល្អដល់ការគិត និងដំណើរការខួរក្បាលរចស់អ្នកប៉ុណ្ណឹងដូចគ្នា។ ថ្វីបើអ្នកស្រាវជ្រាវមិនអាចកំណត់ទំនាក់ទំនងរវាងផ្សិត និងមុខងារខួរក្បាលបាន ប៉ុន្តែពួកគេបានអះអាងថា វាពិតជាជួយដល់ខួរក្បាលពិតមែន។

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិសឹង្ហបូរី បានផ្អែកលើមនុស្សពេញវ័យជនជាតិចិន ៦៦៣នាក់ មានអាយុលើសពី ៦០ឆ្នាំ ទៅលើរបបអាហារ និងរបៀបរស់នៅរបស់ពួកគេ ដោយក្រុមស្រាវជ្រាវបានតាមដានពីចន្លោះ ឆ្នាំ២០១១ ដល់ ឆ្នាំ២០១៧។ ក្នុងរយៈពេល ៦ឆ្នាំ នៃការសិក្សា អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានផ្សិតច្រើនជាង ២ដង ក្នុងមួយសប្តាហ៍ បានបន្ថយឱកាសនៃការថយចុះការយល់ដឹងកម្រិតស្រាល ដល់ទៅ ៥០ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលទានតិចជាង ១ ដង។

ជំងឺចុះខ្សោយនៃខួរក្បាលកម្រិតស្រាល (MCI) អាចធ្វើឱ្យមនុស្សភ្លេចភ្លាំង ប៉ះពាល់ដល់ការចងចាំរបស់ពួកគេ និងបង្កបញ្ហាជាមួយនឹងភាសា ការយកចិត្តទុកដាក់ និងការទុកដាក់វត្ថុប្រើប្រាស់អ្វីមួយ -ល-។ ប៉ុន្តែមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដល់ថ្នាក់អាចហៅបានថា ជាជំងឺវង្វេង (dementia) នោះទេ គ្រាន់តែថា វារំខានដល់ការរស់នៅរបស់មនុស្ស ហើយតម្រូវឱ្យយើងយកចិត្តទុកដាក់នឹងវាឱ្យបានល្អ។ ចំពោះការសិក្សានេះ អ្នកចូលរួមទាំងអស់ត្រូវបានគេសួរនាំអំពីទម្លាប់នៃការទទួលទានរបស់ពួកគេ ហើយផ្សិត ៦ប្រភេទ ដែលពួកគេបរភោគញឹកញាប់មានដូចជា៖ ផ្សិតអំបោះ, ផ្សិត shiitake, ផ្សិតមួកពណ៌ស, ផ្សិតស្ងួត, ផ្សិតមាស និង ផ្សិតកំប៉ុង។

ក្នុងនោះការស្រាវជ្រាវ និងធ្វើតេស្តក៏បានរកឃើញថា អ្នកបរិភោគផ្សិតច្រើនជាង ២ដង ក្នុងមួយសប្តាហ៍ ឬលើសពី ៣០០ក្រាម មានខួរក្បាលល្អប្រសើរជាងមុន ហើយត្រូវបានគេរកឃើញថា មានដំណើរការខួរក្បាលលឿនជាងមុនទៀតផង។ អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា ផ្សិតគឺជាប្រភពនៃអាហារសម្បូរដោយ ergothioneine ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ដែលមនុស្សមិនអាចផលិតដោយខ្លួនឯង។ ផ្សិតក៏មានសារធាតុចិញ្ចឹម និងសារធាតុរ៉ែផ្សេងៗទៀតដូចជា៖ វីតាមីន D Selenium និង spermidine ដែលអាចការពារសរសៃប្រសាទ ពីការខូចខាតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ bbc