បាតុភូត El Nino កំពុងធ្វើឱ្យប្រជាជនហ្វីលីពីនជិត ៧លាននាក់ ខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

ហ្វីលីពីន៖ មនុស្សជិត ៧លាននាក់ កំពុងទទួលរងផលប៉ះពាល់ដោយការខ្វះខាតទឹកនៅតាមតំបន់ធំៗនៃរដ្ឋធានីរបស់ប្រទេស និងខេត្តក្បែរនោះ។ មនុស្សជាច្រើនបានឈរជាជួរយ៉ាងវែងដើម្បីរង់ចាំទទួល និងទិញទឹកដើម្បីប្រើប្រាស់ ខណៈពួកគេទាំងនេះត្រូវបានកាត់ផ្តាច់ទឹករយៈពេល ៦ ទៅ ២១ម៉ោង ក្នុងមួយថ្ងៃៗ។ ការខ្វះខាតនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនប្រហែល ៦.៨លាននាក់ ស្មើនឹងជាង ១លានគ្រួសារ រហូតទាល់តែរដូវវស្សាចូលមកដល់ ដើម្បីឱ្យទំនប់ទឹករបស់ក្រុងមានទឹកគ្រប់គ្រាន់សម្រាប់ផ្គតផ្គង់ឡើងវិញ ពោលគឺរហូតដល់ខែឧសភា ឬខែមិថុនា។

ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដ៏សំខាន់ចំនួន ២ នៅក្នុងទីក្រុង Manila និងក្រុង Rizal បានឱ្យដឹងថា ការកើនឡើងតម្រូវការ និងការស្រកកម្ពស់ទឹកក្នុងទំនប់ និងអាងស្តុកទឹកតូចៗនៅរដូវក្តៅនេះ គឺបណ្តាលមកពីបាតុភូត El Nino (កម្ពុជាក៏កំពុងរងផលប៉ះពាល់ពីបាតុភូតនេះដូចគ្នា)។ អាងស្ទុកទឹករបស់ទីក្រុង Manila ដែលផ្គត់ផ្គង់ទឹកនៅភាគខាងកើតនៃរដ្ឋធានី បានព្យាយាមទប់ស្កាត់ការផ្គត់ផ្គង់ឱ្យមានកម្រិត ប៉ុន្តែវាមិនអាចទៅរួច ដោយសារសហគមន៍មួយចំនួននៅតំបន់ខ្ពស់បានត្អូញត្អែរអំពីការមិនទទួលបានទឹករយៈពេលយូរនេះ។ ក្រុមហ៊ុនក្រោយមកក៏បានសម្រេចចិត្តកំណត់កាលវិភាគការផ្គត់ផ្គង់ទឹក ដែលមានចាប់ពីថ្ងៃព្រហស្បតិ៍តទៅ៕


អត្ថបទ៖ លីដា
ប្រភព៖ scmp