អគ្គិសនីកម្ពុជា បញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យចរន្តអគ្គិសនីចេះតែដាច់ញឹកញាប់

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីដាច់ចរន្តអគ្គិសនីជាច្រើនទៅតាមតំបន់ផ្សេងៗគ្នានៅក្នុងរាជធានីភ្នំពេញ។ ទាក់ទងនឹងករណីដាច់ចរន្តអគ្គិសនីនេះផងដែរ បានធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ ទាក់ទងនឹងករណីនេះផងដែរ អគ្គិសនីកម្ពុជា ក៏បានធ្វើការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរថា ការផ្គត់ផ្គង់ចរន្តអគ្គិសនីមានការរអាក់រអួលនៅតំបន់មួយចំនួនមូលហេតុដោយសារ៖

-អាកាសធាតុមានការកើនឡើងកម្តៅខ្លាំងខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងខ្ពស់ជាងមុន។

-រដូវប្រាំងឆ្នាំនេះ កើនកម្តៅហួតហែងខ្លាំង ធ្វើឲ្យស្ថានភាពទឹកក្នុងអាងវារីអគ្គិសនីដែលជាប្រភពដ៏សំខាន់របស់អគ្គិសនីពុំមានទឹកច្រើនសម្រាប់ដើរម៉ាស៊ីនជួយផលិតអនុភាពអគ្គិសនី។

-ការវិនិយោគលើគ្រប់វិស័យកើនឡើងមានល្បឿនលឿនខ្លាំងក្រោយការបោះឆ្នោតនៅឆ្នាំ2018 ជាហេតុធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកាន់តែខ្ពស់ជាងមុនបន្ថែមទៀត។

-ការប្រឈមនេះព្យាករទៅរហូតដល់រដូវវស្សាដែលមានភ្លៀងធ្លាក់។

-អគ្គិសនីកម្ពុជានឹងជូនដំណឹងនូវកម្មវិធីកាត់ចរន្តជាបន្តបន្ទាប់។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរអាក់រអួល ក្នុងការផ្គត់ ផ្គង់ចរន្តអគ្គិសនី៕

អត្ថបទ៖ សេម