ការសិក្សា៖ទម្លាប់នៃការញ៉ាំភេសជ្ជៈក្តៅអាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាមហារីកបំពងអាហារ

ការទទួលបានភេសជ្ជៈក្តៅគឺជាចំណូលចិត្តរបស់មួយចំនួនធំ ព្រោះថាការញ៉ាំភេសជ្ជៈក្តៅៗដូចជាតែ ឬកាហ្វេនៅពេលព្រឹកអាចជួយធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា និងស្វាហាប់ក្នុងការបំពេញការងារបានមួយផ្នែកដែរ។

យ៉ាងណាក្តី ការសិក្សាមួយបានរកឃើញថា ទម្លាប់នៃការញ៉ាំភេសជ្ជៈក្តៅខ្លាំង ជាពិសេសគឺតែ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងការកើតមានជំងឺមហារីកបំពងអាហារខ្ពស់។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមសាស្ត្រាចារ្យនៃសាលកវិទ្យាល័យ Tehran University of Medical Sciences ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់។ ការសិក្សានេះបានធ្វើការតាមដានមនុស្សដែលមានទម្លាប់ញ៉ាំតែក្តៅៗប្រមាណជា ៥០ ០៤៥ នាក់ មានអាយុចន្លោះពី ៤០ ទៅ ៧៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៤ មកដល់ឆ្នាំ ២០១៧ ហើយជាមធ្យមពួកគេបានញ៉ាំតែលើសពី ៧០០ មីលីលីត្រក្នុងមួយថ្ងៃ។

លទ្ធផលការសិក្សាមួយនេះដែលទើបនឹងបានចេញផ្សាយការពីពេលថ្មីៗបានបង្ហាញថាមានមនុស្សចំនួន ៣១៧ នាក់ក្នុងចំណោមមនុស្សទាំងអស់ខាងលើនេះប្រឈមនឹងការកើតមានជំងឺមហារីកបំពងអាហាររហូតដល់ ៩០% ឯណោះ។ មូលហេតុដែលបង្កឲ្យមានបញ្ហាមហារីកក៏ដោយសារតែទឹកតែក្តៅបានធ្វើឲ្យរលាកបំពងអាហារ ហើយអាការៈរលាកនេះចេះតែបន្តកើតមានក្នុងរយៈពេលយូរក៏កា្លយទៅជាមេរោគ និងវឌ្ឍន៍ទៅជាជំងឺមហារីកតែម្តង។ យ៉ាងណាក្តី ការសិក្សាខាងលើនេះគឺគ្រាន់តែជាករណីសិក្សាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះ មិនមែនជាលក្ខណៈសកលនោះទេ ព្រោះនៅតាមប្រទេសនិមួយៗអាចមានការនិយមទទួលទានប្រភេទតែ និងកម្រិតនៃកម្ដៅរបស់វាផ្សេងៗគ្នាដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖worldofbuzz