ម៉ាឡេស៊ីជួបបាតុភូតធម្មជាតិ Equinox ធ្វើឲ្យកើនឡើងកំដៅខ្ពស់ជាងធម្មតា

ប្រទេសម៉ាឡេស៊ីកើតមានបាតុភូតធម្មជាតិមួយដែលគេហៅថា Equinox ដែលបាតុភូតនឹងធ្វើឲ្យសីតុណ្ណភាពនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវឡើងក្តៅខ្ពស់ជាងធម្មតា។ តាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន WORLDOFBUZZ បានពន្យល់ថា បាតុភូតនេះគឺជាពេលដែលព្រះអាទិត្យត្រូវមានទីតាំងស្ថិតនៅ ចំណុចកណ្តាលនៃតំបន់អេក្វាទ័រតែម្តង ហើយជាទូទៅតំបន់ ដែលកើតមានបាតុភូតមួយនេះនឹងមានសីតុណ្ណភាពក្តៅជាងធម្មតា។

លោក Alui Bahari ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានឲ្យដឹងថា បាតុភូតនេះនឹងធ្វើឲ្យកម្ដៅជាទូទៅក្នុងម៉ាឡេស៊ីកើនឡើងដល់ ៣៧ អង្សាសេ ហើយបាតុភូតនេះនឹងកើតមានក្នុងម៉ាឡេស៊ីពីរដងក្នុងមួយឆ្នាំនៅថ្ងៃទី ២១ ខែមីនាម្តង និងនៅក្នុងថ្ងៃទី ២៣ ខែកញ្ញាម្តងទៀត។ លោកបានបន្ថែមថា ការកើនឡើងកម្ដៅមិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រជាជនម៉ាឡេស៊ីនោះទេ តែលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅពេលយប់នៃកើតមានបាតុភូតនោះទៅវិញ ព្រោះវានឹងមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយនឹងផ្គរ រន្ទះ និងអាចមានព្យុះទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz