ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត “នៅពេលខាងមុខនឹងមានការធ្វើតេ​ស្តទឹ​ក​នោម​លើមន្ត្រី​នគរបាល បើរកឃើញថាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ”

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសនៅលើបណ្តាញសង្គមថា នៅពេលខាងមុខនេះនឹងមានការធ្វើតេ​ស្តទឹ​ក​នោម​លើមន្ត្រី​នគរបាល លោកក៏បានបញ្ជាក់យ៉ាងម៉ោះម៉ុតថា ប្រសិនបើជាមន្រ្តីនគរបាលរូបណារកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

ដោយលោកបានសរសេររៀបរាប់ថា៖ “ខ្ញុំសង្កេតឃើញថា ចំនួនមន្រ្តីនគរបាលដែលបានមកចូលរួមគោរពទង់ជាតិ​ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមានវិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។ នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានលើកឡើងអំពីការវិវត្តន៍សភាពថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេសដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថាមន្រ្តីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ”៕

ដោយ៖ ណារ៉ែន