ព័ត៌មាន March 25, 2019 Khmernote
ថ្មីទៀតហើយ! ជនខិលខូចប្រើសត្វកណ្តុរ ដើម្បីរត់ពន្ធគ្រឿងញៀនយកទៅលក់នៅក្នុងគុក

អង់គ្លេស៖ ឆ្មាំគុកនៅអង់គ្លេសបានរកឃើញសត្វកណ្តុរងាប់ជាច្រើនក្បាលនៅក្បែររបងគុក ហើយនៅពេលដែលគេវះពោះសត្វកណ្តុរទាំងនោះគេបានឃើញថា នៅក្នុងពោះរបស់មានផ្ទុកទៅដោយទូរស័ព្ទ បារី ឌុយសម្រាប់បញ្ចូលថ្មរទូរស័ព្ទ ស៊ីមកាត និងក្រដាសបារីទៀតផង (ក្រដាសទ្រាប់នៅក្នុងប្រអប់បារីប្រើសម្រាប់ជក់គ្រឿងញៀន)។ សកម្មភាពនេះត្រូវបានអាជ្ញាធរអះអាង គឺជាគម្រោងនាំយកគ្រឿងញៀនទៅលក់ឲ្យក្រុមឧក្រិដ្ឋជន ដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងគុក តែសំណាងល្អគេអាចទប់ស្កាត់សកម្មភាពនេះបានទាន់ពេលវេលា។

មុនពេលរកឃើញការពិតនេះ មានឆ្មាំគុកម្នាក់បានប្រទះឃើញសត្វកណ្តុរមួយក្បាលនៅក្បែររបងគុក ហើយវាមិនធ្វើចលនាទាល់តែសោះ។​ ដោយមានការមានសង្ស័យគាត់ចាប់កណ្តុរនោះមើល និងរកឃើញថានៅត្រង់ចំណុចពោះសត្វកណ្តុរមានស្នាមដេរមួយយ៉ាងវែង ហើយក្រោយមកគេក៏បានរកឃើញសត្វកណ្តុរ ដែលលក្ខណៈដូចនេះជាច្រើនទៀត។ ក្រោយពិនិត្យមើលក្នុងពោះសត្វកណ្តុរគេបានរកឃើញ ទូរស័ព្ទចំនួន ៥ គ្រឿងរួមជាមួយនឹងឌុយសម្រាប់បញ្ចូលថ្ម ស៊ីមកាតចំនួន ៣ ថ្នាំញៀនមួយថង់ និងក្រដាសបារីជាច្រើនសន្លឹក។ ក្រោយរកឃើញដូចនេះ គេបានពង្រឹងសន្តិសុខនៅជុំវិញគុកគ្រប់ទីកន្លែងយ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ mirror