រថយន្ត April 10, 2019 lyda
ច្បាស់ការណ៍ហើយ! Lexus នឹងបញ្ចេញរថយន្តប្រភេទ Minivan ជាលើកដំបូង នៅឯពិព័រណ៍រថយន្ដក្រុងស៊ាងហៃឆ្នាំ ២០១៩

ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រភេទ Crossover និង SUV ប៉ុន្តែចំណែកឯ Lexus វិញបែរជាងាកមកចាប់អារម្មណ៍លើប្រភេទមីនីវ៉ែន (Minivan) ទៅវិញ។ ជាក់ស្តែងក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ នឹងបើកដំណើរការរថយន្តប្រភេទមីនីវ៉ែនរបស់ខ្លួនជាលើកដំបូងបំផុត នៅឯពិព័រណ៍រថយន្ដក្រុងស៊ាងហៃនៅពាក់កណ្តាលខែនេះ។ Lexus Minivan មួយនេះត្រូវបានគេជឿថា មានរូបសណ្ឋានលំនាំ Toyota Alphard ជំនាន់​ ទី៣ នេះបើមើលទៅតាមទ្វារ មុខ/ក្រោយ និងបង្អួចវែងនៅខាងក្រោយរបស់វា។

រថយន្ត Lexus Minivan នេះប្រហែលជានឹងត្រូវបំពាក់ដោយចង្កៀងជ្រុងនៅខាងមុខ ដែលរួមបញ្ចូលភ្លើង LED ដែលបំភ្លឺនៅពេលថ្ងៃ។ យ៉ាងណាមិញរថយន្តម៉ូដែល Alphard ស៊េរីថ្មីរបស់ក្រុមហ៊ុន Toyota ត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន powertrain ជាច្រើនជម្រើស រួមបញ្ចូលទាំងប្រភេទរថយន្តកូនកាត់ ដែលជាប្រភេទប្រើម៉ាស៊ីនសាំង V6 ទំហំចំណុះ 3.5លីត្រ ហើយ Lexus Minivan ក៏ទំនងជាយកលំនាំនេះដូចគ្នាឱ្យវាសមនឹងឈ្មោះ LM 300h ។ អតិថិជនអាចរំពឹងខ្ពស់បានជាមួយ Lexus Minivan ព្រោះថាវាជារបស់ក្រុមហ៊ុន Lexus ហើយច្បាស់ណាស់ថា ការរចនា និងគ្រឿងប្រដាប់បរិក្ខារសុទ្ធតែប្រណិត។ Lexus Minivan នឹងចូលបង្ហាញខ្លួនក្នុងទីផ្សារអាស៊ីដូចជាតៃវ៉ាន់ និងចិន ប៉ុន្តែយើងនឹងដឹងអំពីវាបន្ថែមទៀតនៅថ្ងៃ ទី១៦ ខែមេសា នៅឯពិព័រណ៍រថយន្ដក្រុងស៊ាងហៃឆ្នាំ ២០១៩៕

រថយន្ត Alphard របស់ក្រុមហ៊ុន Toyota

រូបភាពគំរូរថយន្ត Minivan របស់ Lexus

រូបភាពគំរូរថយន្ត Minivan របស់ Lexus

អត្ថបទ៖ លីដា
ប្រភព៖ carscoops