បច្ចេកវិទ្យា April 11, 2019 Khmernote
Galaxy A80 ស្មាតហ្វូនថ្មីរបស់ Samsung គ្មានក្បាលឆក គ្មានប្រជ្រុយ អេក្រង់លាតពេញ និងកាមេរ៉ាបង្វិលត្រលប់ចុះឡើង

មួយរយៈនេះ ក្រុមហ៊ុន Samsung ហាក់ដូចជាមិនបន្ធូរដៃទៀតឡើយ ក្នុងការបញ្ចេញស្មាតហ្វូនរបស់ខ្លួន ក្រោយពីការមកដល់របស់ ត្រកូល Galaxy S10 មក យើងឃើញថា Samsung បានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិការមកជាបន្តបន្ទាប់។ ឥឡូវ Galaxy A80 បានបង្ហាញខ្លួនមួយទៀតហើយដែល Galaxy A50 ទើបតែបានដាក់លក់ក្នុងពេលថ្មីៗនេះ Galaxy A80 ជាស្មាតហ្វូនដែលមានរូបរាងប្លែកពីស្មាតហ្វូនផ្សេងៗរបស់ Samsung ដោយរូបរាងរបស់វាមានផ្ទៃអេក្រង់លាតពេញតែម្ដងគ្មានឆក គ្មានប្រជ្រុយ ដែលវាបានប្រើប្រាស់ជាកាមេរ៉ាហូតឡើងមកវិញ ។

បើសិនជាយើងចង់ថតរូបសែលហ្វី កាមេរ៉ាវានឹងលូតឡើងមកហើយបង្វិលត្រឡប់មកខាងមុខធ្វើជាកាមេរ៉ាសែលហ្វីវិញ ការធ្វើដូច្នេះ រូបភាពសែលហ្វីរបស់អ្នកនឹងកាន់តែមានគុណភាពខ្ពស់ជាងមុន ព្រោះតែកាមេរ៉ាខាងក្រោយ និងកាមេរ៉ាខាងមុខប្រើប្រាស់កាមេរ៉ាតែមួយជាមួយគ្នា ។ Galaxy A80 នេះមានកាមេរ៉ាបីគ្រាប់ ដែលទីមួយមានទំហំ 48 មេហ្កាភិចសែល f2.0 ទីពីរមានទំហំ 8 មេហ្កាភិចសែល ដែលសម្រាប់ថតប្លង់ទូលាយ 123ដឺក្រេ ហើយចុងក្រោយនេះជាប្រភេទ 3D ToF ដែលប្រើប្រាស់សម្រាប់ការថត Live Focus ។

សម្រាប់អេក្រង់ វាមានទំហំរហូតដល់ 6.7 អ៊ីញ ប្រភេទ AMOLED មាន resolution 1080 x 2400 ភិចសែល និងប្រើប្រាស់បន្ទះស្កែនក្រយ៉ៅដៃលើអេក្រង់ផងដែរ ។ Galaxy A80 មានទំហំថ្ម 3700mAh មានមុខងារសាកថ្មលឿនកម្លាំង 25W ផងដែរ ឯទំហំ RAM គឺដល់ទៅ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ផង តែមិនមានរន្ធបន្ថែមខាងក្រៅទេ វារត់ដោយ Android P ជាមួយនិងស្បែក OneUI ។ Galaxy A80 នឹងមានជម្រើសបីពណ៌ Phantom Black, Angel Gold និង Ghost White វានឹងផ្លាស់ប្តូរពណ៌បន្តិចបន្តួចពេលដែលត្រូវជាមួយនឹងពន្លឺ ។ Samsung Galaxy A80 នឹងមានតម្លៃ 649 ផោន (730 ដុល្លារអាមេរិក) ហើយនឹងដាក់លក់ចាប់ពីថ្ងៃទី 29 ខែឧសភា នៅទីផ្សារបរទេស៕

អត្ថបទ៖ ឧស្សាហ៍

ប្រភព៖ gsmarena