ថ្ងៃមហាសង្ក្រាន្តជិតមកដល់ហើយ! មកដឹងពីរណ្ដាប់ថ្វាយទេវតា ឆ្នាំថ្មី ឆ្នាំកុរ និងប្រវត្តិចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលច្រើនឆ្នាំណាស់មកហើយ ដែលបុណ្យនេះតែងប្រារព្ធធ្វើឡើងតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺតែងធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ឬ ១៤ខែមេសា ដោយដូនតាខ្មែរយើងបានសម្រេចថាខែនេះគឺជាខែដែលល្អ ដោយបងប្អូនប្រជាកសិករទាំងឡាយបានប្រមូលផលស្រូវ បន្លែ និងផ្លែឈើរួចរាល់ និងមានពេលសម្រាកគ្រប់គ្រាន់មុនពេលរដូវវស្សាចាប់ផ្តើម។

សង្ក្រានឆ្នាំថ្មីនេះ នឹងចូលមកដល់នៅថ្ងៃអាទិត្យទី១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ១២នាទីរសៀល។ ដោយទេពធីតាដែលនឹងយាងចុះមកបន្តវេនមានព្រះនាមថា ទុង្សៈទេវី ដែលជាបុត្រទី១នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃអាទិត្យ មានសៀតផ្កាទទឹមនៅនឹងព្រះកាណ៌ (ត្រចៀក) សោយផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ជាអាហារ គ្រងឈុតពណ៌ក្រហម អង្គុយពាក់ឆៀង ជិះពាហនៈឥន្ទ្រីនុ (គ្រុឌ) ជាយាន្តជំនិះ ព្រះហស្តស្តាំកាន់កងចក្រ និងព្រះហស្តឆ្វេងកាន់ខ្យងស័ង្ខ។

ពិធីបុណ្យប្រពៃណីខ្មែរចែកចេញជាបីថ្ងៃ ដោយថ្ងៃទី១ហៅថា ថ្ងៃមហាសង្រ្កាន្ត ដែលជាថ្ងៃទេពធីតាយាងចុះមកភពផែនដី ដោយមានការរៀបចំទទួលសែនព្រេនពីបងប្អូនប្រជាជនខ្មែរ ដោយមានជាគ្រឿងសំណែន និងគ្រឿង​សក្ការៈ​បូជា​ ដូចជា បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល​​ និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ​។ ថ្ងៃទី២ ជាថ្ងៃ វិរ:វ័នបត ដោយបងប្អូនប្រជាពលរដ្ឋខ្មែរតែងយក​ចង្ហាន់​ទៅ​ប្រគេនព្រះសង្ឃ​ដែលគង់នៅ​​តាម​ទីវត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់ ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ។ ថ្ងៃទី៣ជាថ្ងៃបង្ហើយ ត្រូវនឹងថ្ងៃ វារៈឡើងស័ក ដែលជាការផ្លាស់ប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ដែលទាក់ទងនិងប្រវត្តិព្រះកែវមរកត។ កូនៗទាំងអស់ត្រូវស្រង់ព្រះកន្លោង (ឪពុកម្តាយអ្នកមានគុណ) នៅក្នុងផ្ទះដើម្បីជាការលាងបាប​ ហើយជាការដឹងគុណក្នុងការផ្ដល់កំណើត ចិញ្ចឹមបីបាច់ និងលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ៕

ប្រភព៖ ឯកសារស្រាវជ្រាវទាក់ទងនឹងប្រវត្តិចូលឆ្នាំខ្មែរ និង វីគីភីឌាខ្មែរ
ប្រភពរូប៖ បុណ្យភូមិ និង អង្គរសង្ក្រាន្ត
អត្ថបទ៖ មេសា