បច្ចេកវិទ្យា April 11, 2019 Khmernote
Oppo ទើបប្រកាសក្តៅៗ ស្មាតហ្វូនថ្មីកាមេរ៉ាលយចេញក្រៅបញ្ឆិតដូចព្រុយត្រីឆ្លាម

OPPO RENO ត្រូវបានមហាជនចាប់អារម្មណ៍ច្រើន បន្ទាប់ពីបានលេចធ្លាយរូបភាពមួយចំនួនបង្ហាញពីកាមេរ៉ាខាងមុខ ដែលលយចេញក្រៅបញ្ឆិតរាងដូចព្រុយត្រីឆ្លាមកាលពីពេលកន្លងមក ។ ឥឡូវនេះក្រុមហ៊ុនបានប្រកាសនៅក្នុងប្រទេសចិន ពីការចេញលក់ជាសកលនៅ ថ្ងៃទី 24 មេសា និងការសន្យាពីការពង្រឹងសមត្ថភាពកាមេរ៉ារបស់ខ្លួន ។ OPPO RENO នេះក៏មានចេញជាពីរម៉ូឌែលផងដែរ ដែលមួយជា OPPO RENO និងមួយប្រភេទទៀតគឺ OPPO RENO 10x Zoom Edition ។ OPPO ទាំងពីរម៉ូឌែលនេះមានកាមេរ៉ាទំហំ 48 មេហ្កាភិចសែលដូចគ្នា F1.7 (IMX 586) ដូចគ្នា តែអ្វីដែលខុសគ្នាគឺ OPPO Reno ធម្មតា មានកាមេរ៉ាទំហំ 5 មេហ្កាភិចសែល សម្រាប់ជំនួយការថតរូបព្រាល ហើយសម្រាប់ OPPO Reno 10x Zoom Edition ដែលមានទំហំ 13 មេហ្កាភិចសែល Periscope និង 8 មេហ្កាភិចសែល ជាប្រភេទ Wide angle ។

សម្រាប់កាមេរ៉ាខាងមុខវិញ ម៉ូឌែលទាំងពីរនេះមានទំហំ 16 មេហ្កាភិចសែល F2.0 ដែលលោតចេញមកពេលបើកមុខងារកាមេរ៉ាដូចគ្នា ។ OPPO Reno 10x Zoom Edition ត្រូវបានគេដឹងថា ប្រើប្រាស់បន្ទះឈីបSnapdragon 855 មានថាមពលថ្ម 4065mAh មានអេក្រង់ Full HD plus OLED ទំហំ 6.6 អ៊ីញ ប្រភេទ 4K 60 fps ។ រីឯម៉ូឌែលធម្មតាវិញ វាបានប្រើប្រាស់បន្ទះឈីប Snapdragon 710 ថាមពលថ្ម 3765mAh អេក្រង់ទំហំ 6.4 អ៊ីញ HD plus OLED 4K 30fps ហើយនៅលើ OPPO Reno ក៏មានរន្ធដោតកាស 3.5 មីលីម៉ែត្រផងដែរ ។

ម៉ូឌែលទាំងពីរនេះក៏មានលក្ខណៈពិសេសដូចគ្នាខ្លះដែរ ដូចជា មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ និងមុខងារសាកថ្ម Vooc 3.0 ។ OPPO Reno ចាប់ផ្ដើមពីតម្លៃ 2999 យ័ន (447 ដុល្លារ) សម្រាប់ RAM 6GB និងអង្គចងចាំ 128GB និង 3299 យ័ន (491 ដុល្លារ) សម្រាប់ស៊េរី 6GB / 256GB និង 3.599 យ័ន (536 ដុល្លារ) សម្រាប់ជម្រើស 8GB / 256GB ។ សម្រាប់ម៉ូឌែល OPPO Reno 10x នឹងមានលក់ក្នុងតម្លៃចាប់ពី 3999 យ័ន (595 ដុល្លារ) សម្រាប់ទំហំ 6GB / 128GB, តម្លៃ 4499 យ័ន (670 ដុល្លារ) សម្រាប់ម៉ូឌែល 6GB / 256GB និង 4799 យ័ន (714 ដុល្លារ) សម្រាប់ស៊េរី 8GB / 256GB ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority