រថយន្ត April 12, 2019 lyda
ច្បាស់ការណ៍ហើយ! Highlander ស៊េរីថ្មីឆ្នាំ 2020 នឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្តទីក្រុងញូវយ៉កសប្តាហ៍ក្រោយ

រថយន្ត Highlander ប្រភេទ SUV ជំនាន់ថ្មី ឆ្នាំ2020 របស់តូយ៉ូតា គ្រោងនឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង នៅឯពិធីតាំងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងញូវយ៉ក នៅថ្ងៃពុធ ទី17 ខែមេសា ខាងមុខនេះ នាម៉ោង 9:10 នាទីព្រឹក (EDT) ។ យ៉ាងណាមិញមុនការបង្ហាញខ្លួនរបស់វា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះក៏បានឱ្យវិចិត្រករលោក Michael Murphy គូសគំនូ 3D របស់រថយន្ត Highlander នេះផងដែរ ដែលលោកអ្នកអាចមើលឃើញក្នុងវីដេអូខាងក្រោម។

ជាក់ស្តែងពួកយើងនៅមិនទាន់អាចដឹងពត៌មានលម្អិតទាក់ទងពីគ្រឿងមាស៊ីន រូបរាង ឬកម្លាំងរបស់វានៅឡើយទេ ប៉ុន្តែប្រភពដដែលបានឱ្យដឹងថា វាមានរូបរាងធំជាងស៊េរីបច្ចុប្បន្ន ហើយការរចនារបស់វានឹងយកគំរូតាមរថយន្ត RAV4 ។ រថយន្ត SUV កៅអី 3ជួរ ជំនាន់ថ្មីនេះក៏ទំនងដំណើរការដោយម៉ាស៊ីន V6 ទំហំចំណុះ 3.5លីត្រ ដែលដូចគ្នានឹងជំនាន់បច្ចុប្បន្នដដែល។ យ៉ាងណាមិញបើចង់ជ្រាបឱ្យកាន់តែច្បាស់ គឺមានតែត្រូវរង់ចាំការប្រកាសពីតូយ៉ូតានៅឯពិធីពិព័រណ៍រថយន្តអន្តរជាតិទីក្រុងញូវយ៉កខាងមុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops