ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែសម្លឹងឃើញកីឡាករខ្សែការពារមួយរូបពីក្លឹបគូបដិបក្ខក្នុងលីគកំពូលប្រទេសអេស្ប៉ាញដូចគ្នា
កីឡា April 20, 2019 Khmernote

ក្លឹបយក្សនៅក្នុងប្រទេសអេស្ប៉ាញត្រូវបានរំពឹងថាអាចនឹងនាំយកកីឡាករពីរបីរូបទៀតដើម្បីមកចូលរួម ខណៈដែលការដោះដូរកីឡាករនៅក្នុងរដូវក្តៅនេះខិតជិតចូលមកដល់។ នាពេលថ្មីនេះ ក្លឹប Barcelona បានត្រៀមខ្លួនរួចហើយដើម្បីស្វាគមន៍កីឡាករខ្សែបំរើ De Jong ពីក្លឹប Ajax ប្រទេសហូឡង់ ហើយកំពុងតែបន្តចង់បាន និងនាំយកកីឡាករមួយរូបទៀតគឺខ្សែការពាវ័យក្មេង Matthijs de Ligt ដែលជាមិត្តរួមក្រុមរបស់ De Jong។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបយក្សអេស្ប៉ាញមួនេះអាចនាំយកខ្សែការពារមួយរូបទៀតដែលកំពុងលេងនៅក្នុងលីគជាមួយគ្នា និងជាគូប្រជែងដ៏សំខាន់ផងដែរ។ បើយោងទៅតាមសារព័ត៌មាន The Sun បានអោយដឹងថា Barcelona ត្រូវបានចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយ ខ្សែការពារកណ្តាលរបស់ក្រុម Atletico Madrid គឺកីឡាករ Felipe Luis ។

ខ្សែការពារសញ្ជាតិប្រេសុីលរូបនេះកំពុងសម្លឹងឃើញថាកុងត្រារបស់គាត់ជាមួយក្លឹបយក្សមកពីទីក្រុងម៉ាដ្រីតមួយនេះជិតចប់ហើយបន្ទាប់ពីរដូវកាលនេះជិតនឹងបញ្ចប់ដូចគ្នា និងដូចជាគ្មានការតកុងត្រាអ្វីទេនាពេលខាងមុខនេះ។ មិនតែប៉ុណ្ណោះ ក្លឹប Barcelona ចង់បាន Luis ដើម្បីជំនួសតំណែងរបស់​ Jordi Alba ខណៈដែរ Alba អាចនឹងចេញនៅក្នុងរដូវកាលក្រោយនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី Luis នៅតែមានជម្រើសផងដែរ ដោយអាចប្តូរទៅលេងនៅអាឡឺម៉ង់ជាមួយនឹងក្លឹបកំពូលតារាង Borussia Dortmund  និងអាចបន្តនៅជាមួយក្លឹបចាស់។

ទោះជាយ៉ាងនេះក្តី Luis ខ្លួនគាត់ផ្ទាល់ក៏បាននិយាយផងដែរថា ” ជម្រើសល្អទីមួយរបស់ខ្ញុំគឺបន្តកុងត្រាជាមួយនឹងក្លឹបចាស់របស់ខ្ញុំ ប៉ុន្តែខ្ញុំក៏បើកចំហសម្រាប់ការផ្តល់សំណើរផងដែរ”។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលខ្សែការពាររូបនេះផ្លាស់ប្តូរចេញពីទីក្រុងម៉ាដ្រីត ដោយរូបគាត់ធ្លាប់ប្តូរទៅលេងនៅក្នុងលីគកំពូលរបស់អង់គ្លេសជាមួយក្រុមតោខៀវ Chelsea នៅក្នុងឆ្នាំ ២០១៤ផងដែរ។ ផ្ទុយទៅវិញគាត់បានត្រឡប់មកក្លឹប At. Madrid វិញបន្ទាប់ពីបានលេងតែមួយរដូវកាលនៅក្នុងពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពីមិនអាចយកជម្រើស១១នាក់ដំបូងពីខ្សែការពារ Cesar Azpilicueta របស់ Chelsea៕


អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportsAsia