កីឡា April 22, 2019 sokun sokunna
ខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG កីឡាករ Kylian Mbappe បញ្ជាក់ហើយថាគាត់បន្តលេងនៅក្នុងប្រទេសបារាំង និងមិនមានការចាកចេញទៅ Real Madrid នោះទេ

កាលពីថ្មីៗនេះ មានព័ត៌មានជាច្រើនបានលើកឡើងថា កីឡាករសញ្ជាតិបារំាង Mbappe អាចនឹងចាកចេញពីក្លឹប PSG ហើយចាកចេញទៅលេងនៅក្នុងទឹកដី Bernebua នៅរដូវកាលក្រោយនេះ។ ពេលនេះអ្នកគាំទ្រក្លឹប PSG អស់ចំងល់ហើយថា Kylian Mbappe នឹងមិនចាកចេញពីក្លឹបទៅ Real Madrid នៅក្នុងឆ្នាំនេះនោះទេ។ គួរអោយដឹងផងដែរថា កីឡាករ Mbappe រកបាន Hat-trick កាលពីយប់មិញនេះដោយឈ្នះក្រុមចាស់របស់ខ្លួន Monaco ក្នុងលទ្ធផល ៣ទល់នឹង១ ហើយត្រូវបានបញ្ជាក់ថាក្រុម PSG ជាក្រុមម្ចាស់ជើងឯកក្នុងលីគកំពូលបារាំង បន្ទាប់ពីក្រុម Lille បានត្រឹមស្មើរជាមួយ Toulouse កាលពីថ្ងៃសៅរ៍មុននេះ។

កីឡាករសញ្ជាតិបារាំងរូបនេះមានទំនាក់ទំនងជាមួយក្លឹបយក្សអេស៉្បាញតាំងពីគាត់នៅរួមដំបូលជាមួយក្លឹបចាស់ Monaco មកម្ល៉េះ។ ហើយក្រោយមកបន្ទាប់ពីគ្រូបង្វឹកចាស់របស់ Real Madrid លោក Zinedine Zidane ត្រឡប់មកវិញនៅក្នុងខែមិនា ការផ្សារភ្ជាប់នេះក៏ត្រូវបានរៀបចំឡើងវិញ ខណៈដែល Real Madrid ពេលនេះកំពុងតែប្រមាញ់នាំយកតារាបាល់ទាត់ជាច្រើនដើម្បីយកមកជំនួសខ្លាចាស់ Ronaldo ដែលបានផ្លាស់ចេញទៅ Juventus កាលពីរដូវកាលមុននេះ។ ប៉ុន្តែ Mbappe ដែលជាកីឡាករវ័យក្មេងជាងគេដែលរកបាន ៣០គ្រាប់នៅក្នុងមួយរដូវកាលរូបនេះ បានលើកឡើងថាគាត់នឹងនៅជាមួយ PSG បន្តទៀត។ ក្នុងនោះគាត់បាននិយាយថា ” បាទខ្ញុំច្បាស់លាស់ថានឹងនូវបន្តទៀត ហើយខ្ញុំកំពុងតែវិនិយោគលើគំរោងរបស់ខ្ញុំនៅទីនេះ” គាត់ប្រាប់ទៅកាសែត Canal Plus៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportsAsia