បច្ចេកវិទ្យា April 23, 2019 Khmernote
Samsung ប្រកាសពន្យាពេលចេញលក់ Galaxy Fold ដោយចង់ទុកពេលអភិវឌ្ឍន៍អេក្រង់របស់វាឲ្យកាន់តែល្អជាងនេះ

សម្រាប់ប្រិយមិត្តដែលកំពុងតែរង់ចាំការមកដល់នូវទូរស័ព្ទ Samsung Galaxy Fold ប្រហែលជាត្រូវបន្តការអត់ធ្មត់មួយរយៈទៀតហើយ ក្រោយពីខាងតំណាងរបស់ក្រុមហ៊ុន​ Samsung បានប្រកាសជាផ្លូវការអំពីការពន្យាពេលចេញលក់ទូរស័ព្ទស៊េរី  Galaxy Fold នេះ។ តាមរយៈសាររបស់ក្រុមហ៊ុន Samsung ដែលបានបង្ហោះតាមរយៈបណ្តាញសង្គមនោះបានឲ្យដឹងថា មូលហេតុនៃការពន្យាពេលចេញលក់នេះ ក៏ព្រោះក្រុមហ៊ុនត្រូវចំណាយពេលបន្ថែមបន្តិចទៀត ដើម្បីអភិវឌ្ឍន៍អេក្រង់របស់ Galaxy Fold នេះឲ្យកាន់តែមានភាពល្អប្រសើរ និងគុណភាពខ្ពស់។

ខាងក្រុមហ៊ុនបានបញ្ជាក់ថា ដោយសារតែទូរស័ព្ទប្រភេទនេះត្រូវគេផ្តោតសំខាន់លើអេក្រង់ ដែលអាចបត់បាន ទើបក្រុមហ៊ុនត្រូវធ្វើយ៉ាងណា ដើម្បីធានាឲ្យអេក្រង់ទូរស័ព្ទមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់គ្រប់កាលៈទេសៈ​ ហើយក្រុមហ៊ុនមិនចង់ឲ្យមានបញ្ហាផ្សេងៗកើតមានក្រោយអតិថិជនទិញទូរស័ព្ទប្រភេទនេះយកទៅប្រើប្រាស់នោះទេ។ យ៉ាងណាក្តី សាររបស់ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់ដែរថា ការពន្យាពេលចេញលក់នេះគឺយ៉ាងយូរបំផុតដល់ក្នុងអំឡុងខែ ឧសភា ខាងមុខនេះប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ engadget