នារីម្នាក់ខំទិញពងទាកូនទុកចម្អិនប៉ូវកម្លាំង តែទីបំផុតពួកវាក៏ញាស់ចេញជាកូនទាមិនចេះតិចក្បាល

ជាធម្មតាពងទាកូនគឺជាអាហារតាមដងផ្លូវដ៏ពេញនិយមក្នុងប្រទេសអាស៊ីដូចជា៖ ហ្វលីពីន ថៃ វៀតណាម និងកម្ពុជា… ដោយអ្នកខ្លះគិតថា វាប៉ូវកម្លាំង ថាមពលផ្សេងៗ។ ជាក់ស្តែងរឿងគួរឱ្យហួសចិត្តដែលចុះផ្សាយដោយ China Press បានឱ្យដឹងថា នារីជនជាតិវៀតណាមម្នាក់ គាត់ទិញពងទាកូននៅឆៅយ៉ាងច្រើនក្នុងបំណងទុកចម្អិនហូបប៉ូវកម្លាំងខែក្តៅ ប៉ុន្តែដោយសារអាកាសធាតុអំណោយផលពេក ហើយប្រហែលជាពួកវានៅចង់រស់បន្តផងនោះ ពងទាកូនទាំងអស់ក៏បានញាស់។

បើយើងមើលតាមរូបភាពពួកវាពិតជាគួរឱ្យស្រឡាញ់ណាស់ ពួកវាប្រហែលជាមិនបានដឹងផលថា ប្រសិនបើពួកវាមិនញាស់ទាន់ពេលទេ ប្រហែលជាត្រូវចូលឆ្នាំងទឹកក្តៅបាត់ទៅហើយ។ យ៉ាងណាមិញប្រភពដដែលបានឱ្យដឹងថា កូនទាដែលទើបនឹងញាស់ទាំងអស់សរុប ២៤ក្បាល ហើយដោយសារតែម្ចាស់វាមិនដឹងថាត្រូវធ្វើយ៉ាងណាបន្ត ក៏សម្រេចចិត្តហៅមិត្តភក្តិឱ្យជួយយកកូនទាទាំងនោះទៅចិញ្ចឹមរៀងៗខ្លួន ទើបទីបំផុតពួកគេក៏រកបានអាណាព្យាបាលថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz