ព័ត៌មាន April 24, 2019 lyda
រដ្ឋអ៉ីស្លាមទទួលខុសត្រូវជុំវិញការបំផ្ទុះគ្រាប់បែកនៅស្រីលង្កា និងបានបញ្ចេញរូបភាពក្រុមជនសង្ស័យចំនួន ៨នាក់

ខណៈដែលចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកថ្ងៃបុណ្យអ៊ីស្ទើរនៅស្រីលង្កាបានកើនឡើងដល់ ៣២១ កាលពីថ្ងៃអង្គារ រដ្ឋអ៊ីស្លាម (Islamic State) បានប្រកាសទទួលខុសត្រូវ និងបានបញ្ចេញរូបភាពដែលបង្ហាញពីជនសង្ស័យក្នុងការវាយប្រហារនេះ ខណៈនាយករដ្ឋមន្ត្រីរបស់ប្រទេសបានព្រមានថា ជនសង្ស័យជាច្រើនដែលប្រដាប់ដោយគ្រឿងផ្ទុះនៅតែមានច្រើន។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារ សណ្ឋាគារ និងកន្លែងដទៃទៀត ត្រូវបានធ្វើឡើងដោយក្រុមអ្នកកាន់សាសនាអ៊ិស្លាមក្នុងការសងសឹកចំពោះការសម្លាប់រង្គាលក្នុងវិហារអ៊ីស្លាមនៅប្រទេសណូវែលហ្សេឡង់កាលពីខែមុន។

ភ្នាក់ងារព័ត៌មាន Aamaq របស់ក្រុមរដ្ឋអ៊ីស្លាម (IS) បានចេញផ្សាយរូបភាពមួយដែលបង្ហាញថា មេដឹកនាំក្នុងការវាយប្រហារនេះបានឈរ ខណៈកូនចៅរបស់គេ ៧នាក់ ផ្សេងទៀតបិទមុខជិត។ យ៉ាងណាមិញក្រុមនេះមិនបានផ្តល់ភស្តុតាងផ្សេងទៀត សម្រាប់ការអះអាងរបស់ខ្លួននោះទេ ហើយអត្តសញ្ញាណរបស់អ្នកដែលបានបង្ហាញក្នុងរូបភាពនេះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។ ទន្ទឹមនឹងនេះដែរនៅក្នុងសុន្ទរកថាទៅកាន់សភាលោក Ruwan Wijewardene រដ្ឋមន្រ្តីក្រសួងការពារជាតិបាននិយាយថា «ភាពទន់ខ្សោយ» ខាងសន្តិសុខរបស់ប្រទេសស្រីលង្កា បាននាំឱ្យបរាជ័យក្នុងការទប់ស្កាត់ការបំផ្ទុះគ្រាប់បែកទាំង ៩ លើកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail