វីដេអូ CCTV បានបង្ហាញសកម្មភាពជនសង្ស័យ ដែលបានបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារ និងព្រះវិហារ ២កន្លែង ក្នុងប្រទេសស្រីលង្កា

វីដេអូឃ្លាំមើល CCTV បានបង្ហាញឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់ បានឡើងជណ្ដើរទៅភោជនីយដ្ឋានរបស់សណ្ឋាគារ Shangri-La នៃប្រទេសស្រីលង្កា មុនពេលពួកគេបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន។ បុរស ២នាក់ ដែលមានកាបូបស្ពាយពីក្រោយនេះ ហាក់ដូចជានិយាយអំពីផែនការរបស់ពួកគេនៅក្នុងជណ្តើរយន្តជាន់ ទី២ គ្រាចុងក្រោយបង្អស់ មុនការសម្លាប់រង្គាលនៅថ្ងៃអាទិត្យក្នុងពិធីបុណ្យអ៊ីស្ទើ។ ចំណែកម្នាក់ទៀតដែលបានចូលទៅបំផ្ទុះនៅក្នុងព្រះវិហារមួយកន្លែងផ្សេងទៀត ក៏មានកាបូបស្ពាយពីក្រោយបែបនេះដូចគ្នា។

អ្នកបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារ Shangri-La ទាំង ២នាក់ បានចូលទៅក្នុងហាង Table One ដែលស្ទើរតែមិនមាននរណាម្នាក់បានកត់សម្គាល់ ខណៈពេលដែលភ្ញៀវផ្សេងៗក្នុងសណ្ឋាគារកំពុងញ៉ាំអាហារពេលព្រឹក ដែលជាអាហារចុងក្រោយសម្រាប់ពួកគេ។ មួយពព្រិចភ្នែកសោះ ភោជនីយដ្ឋានដ៏ស្រស់ស្អាតនេះបានក្លាយទៅជាវាលរហស្ថានពោរពេញដោយសាកសព។ មន្រ្តីប្រទេសស្រីលង្កាជឿថា ម្នាក់ក្នុងចំនោមអ្នកវាយប្រហារនៅឯសណ្ឋាគារ Shangri-La គឺជាកូនប្រុសរបស់ឈ្មួញគ្រឿងទេសរបស់ក្រុង Colombo និងមានបងប្អូនម្នាក់ទៀត ហើយពួកគេទាំង ២នាក់ សុទ្ធតែស្ថិតក្នុងចំណោមអ្នកប្រព្រឹត្តបទឧក្រិដ្ឋ ដែលបានសម្លាប់មនុស្សជាង ៣០០នាក់ នៅថ្ងៃបុណ្យអ៊ីស្ទើនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail