សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ហើយថា គ្មានព័ត៍មានអ្វីឡើយពីគម្រោង ជំនួបរវាងកម្ពុជា និង ប្រេសុីល នៅថ្ងៃទី៣០ មិថុនា

នៅដើមខែមេសាឆ្នាំ ២១០៩មុននេះ មានព័ត៌មានជាច្រើនដែលបង្កើតជាពាក្យចចាមអារ៉ាមដែលថាជម្រើសជាតិរបស់ប្រទេសប្រសុីលនឹងមកលេងប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជានៅក្នុងចុងខែមិថុនាខាងមុខនេះ។ ប៉ុន្តែនៅពេលនេះខាងមន្ត្រីដែលធ្វើការនៅក្នុងសហព័ន្ធកម្ពុជាផ្ទាល់បានបង្ហោះសារមុននេះថា ខាងសហព័ន្ធបាល់ទាត់កម្ពុជាពុំបានមានព័ត៌មានណាមួយលើកឡើងពីគម្រោងប្រកួតរវាងជម្រើសជាតិទាំងពីនោះឡើង។ គួរបញ្ជាក់ផងដែរថា នៅដើមខែមេសានេះអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិប្រេសុីលលោក Leonardo Vitorino បានបង្ហោះសារនិយាយទាក់ទងនឹងការប្រកួតនេះដែរតែក្នុងន័យលេងសើចប៉ុណ្ណោះដោយនេះគ្រាន់តែល្បែងដែលគេតែងនិយមលេងនៅក្នុងដើមខែមេសា និងគេហៅថា ”April Fool’s Day” មានន័យថាអ្វីដែលអ្នកនិយាយនៅក្នុងនោះសុទ្ធជារឿងមិនអាចកើតឡើង និងជាពាក្យកុហកទាំងអស់។

ដោយឡែកមួយរយៈចុងក្រោយនេះយើងឃើញថានៅតែមានព័ត៌មាន និងផេកមួយចំនួននៅតែបន្តចែកចាយព័ត៌មាននេះបន្តទៀត ដោយហេតុនេះហើយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ung Niboth ដែលគាត់ជាមន្ត្រីធ្វើការនៅក្នុងសហព័ន្ធកម្ពុជាបានលើកបញ្ជាក់ថា ”សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនមានព័ត៍មានអ្វីឡើយពីគម្រោង ជំនួបរវាងកម្ពុជា និង ប្រេសុីល នៅថ្ងៃទី៣០ មិថុនា ។ សូមឈប់ជឿអត្ថបទព័ត៍មានរកលុយ បើមានមែនសហព័ន្ធមិនលាក់ទេ!” ។ ដូចនេះសូមបងប្អូនសូមមេត្តាកុំយល់ច្រឡំ និងចែកចាយបន្តទៀតដែលនាំអោយព័ត៌មានមិនពិតបន្តចែកចាយតទៅទៀត៕

អត្ថបទ៖ សុគុណា
ប្រភព៖ Ung Niboth