Ronaldo ថាបើចង់ឈ្នះពានធំប្រចាំអឺរ៉ុប Juventus គួរតែដកកីឡាករនេះចេញហើយយកកីឡាកររបស់ Barcelona មកជំនួសវិញ

តារាបាល់ទាត់ឆ្នើមរបស់ក្រុមសេះបង្កង់ Juventus ត្រូវបានយល់ឃើញថាក្រុមរបស់ខ្លួនត្រូវការផ្លាស់ប្តូរខ្លះប្រសិនបើពួកគេចង់ប្រជែងយកពាន Champions League នៅក្នុងរដូវកាលក្រោយ ហើយចង់អោយដកអ្នកចាំទីសញ្ជាតិប៉ូឡូញចេញនៅក្នុងរដូវកាលក្រោយ។ តាមរយៈការផ្លាស់ប្តូរនេះ ខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាលរូបនេះបានស្នើរអោយក្លឹបនាំយកអ្នកចាំទី Jasper Cilessen របស់ Barcelona មកជំនួសវិញនេះបើយោងទៅតាមកាសែត Diario Gol ។ ការរាយការណ៍មួយបានអោយដឹងថា កីឡាករ Ronaldo ពិតជាមិនសប្បាយចិត្តជាមួយមិត្តរួមក្រុម Szczesny ដោយគាត់មានអារម្មណ៍ថា អ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះលេងមិនបានល្អដូចអ្នកចាំទីជើងចាស់សញ្ជាតិអុីតាលី Gianluigi Buffon ឡើយ។

ជាក់ស្ដែង តារាបាល់ទាត់សញ្ជាតិប៉ុកទុយហ្គាលរូបនេះមានអារម្មណ៍ថា ក្រុមសេះបង្កង់មានអ្នកចាំទីដែលអន់ជាងគេក្នុងចំណោមអ្នកចាំទីទាំងអស់ដែលបានឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃពាន Champion League។ ហេតុផលដែលគាត់ចង់បាន Cillessen គឺគាត់ចង់ប្រជែងជាមួយគូប្រកួត Lionel Messi និងក្លឹប Barcelona ដែលពួកគេពេលនេះកំពុងធ្វើដំណើរដើម្បីលើកពាន៣ក្នុងរដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា Cillessen មានវ័យ ៣០ឆ្នាំ និងជាជំរើសជម្រើសជាតិហូឡង់ ហើយបានបង្ហាញខ្លួន៧ប្រកួតនៅក្នុងរដូវកាលនេះក្នុងលីគរបស់អេស៉្បាញ La Liga។ នៅពេលនេះ Ronaldo មានកីឡាករ៦នាក់នៅក្នុងបញ្ជីឈ្មោះរបស់គាត់ដែលចង់បានមកចូលរួមនៅក្នុងរដូវកាលក្រោយ ហើយនៅក្នុងនោះមានកីឡាករម្នាក់ដែលមកពីប្រទេសប៉ុកទុយហ្គាលដូចគ្នាគឺកីឡាករ Joao Felix ដែលក្លឹប Juventus គួរតែចុះកុងត្រាជាមួយនៅក្នុងរដូវក្តៅនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia