ព័ត៌មាន April 24, 2019 lyda
ចំនួនអ្នកស្លាប់បន្ទាប់ពីការបំផ្ទុះគ្រាប់បែក បានកើនរហូតដល់ ៣៥៩នាក់ គិតត្រឹមថ្ងៃពុធនេះ ខណៈចាប់បានជនសង្ស័យសរុប ៦០នាក់

ប៉ូលិសឱ្យដឹងនៅថ្ងៃពុធ ទី២៤ នេះថា ចំនួនអ្នកស្លាប់ពីការវាយប្រហារអត្តឃាតកាលពីថ្ងៃអាទិត្យនៅប្រទេសស្រីលង្កា បានកើនឡើងដល់ ៣៥៩នាក់ ដោយសារជនរងគ្រោះដែលមានរបួសធ្ងន់ធ្ងរមួយចំនួន ពួកគាត់មិនអាចតស៊ូតទៀតបាន។ ជនរងគ្រោះជាង ៤០០នាក់ នៅតែស្ថិតក្រោមការសង្គ្រោះពីមន្ទីរពេទ្យ ហើយមានអ្នកខ្លះទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ចំណែកពិធីបុណ្យសពជាបន្តបន្ទាប់របស់ជនរងគ្រោះដែលបានស្លាប់ ក៏នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃពុធក្រោមលក្ខខណ្ឌសន្តិសុខដ៏តឹងរឹងផងដែរ។

ប៉ូលីសបានបន្ថែមថា ជនសង្ស័យ ១៨នាក់ ផ្សេងទៀត ត្រូវបានគេចាប់ខ្លួនកាលពីយប់មិញ ទាក់ទងនឹងការវាយប្រហារលើព្រះវិហារ និងសណ្ឋាគារប្រណីត ដែលនាំឱ្យចំនួនជនសង្ស័យក្នុងការវាយប្រហារនេះកើនដល់ ៦០នាក់។ កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានព្រមានថា ចំនួនជនសង្ស័យផ្សេងទៀតនៅតែមានទំហំធំនៅឡើយ ខណៈដែលប៉ូលីសបាននិយាយថា ពួកគេកំពុងរុករកឡានដឹកទំនិញ និងយានយន្តដែលបំពាក់ដោយគ្រឿងផ្ទុះ នៅក្នុងទីក្រុង Colombo ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរបាយការណ៍សម្ងាត់មួយ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes