ព័ត៌មាន April 26, 2019 Khmernote
កូរ៉េខាងជើងប្រហារជីវិតមន្រ្តីជាន់ខ្ពស់ខ្លួនចំនួន ៤ រូប ដែលបានលក់ព័ត៌មានសម្ងាត់ទៅឲ្យអាមេរិក

មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងចំនួន ៤ រូប ត្រូវបានគេរាយការណ៍ថា ត្រូវបានគេកាត់ទោសប្រហារជីវិត ក្រោយរកឃើញថា ពួកគេបានលក់ព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់កូរ៉េជើងទៅកាន់អាមេរិក មុនពេលមានកិច្ចប្រជុំរវាងលោកប្រមុខដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក។ មន្ត្រីទាំង ៤ រូបនេះ គឺជាសុទ្ធ តែជាមន្ត្រីមកពីក្រសួងការបរទេសកូរ៉េខាងជើង ហើយពួកគេត្រូវបានគេប្រហារជីវិតដោយប្រើកាំភ្លើងបាញ់សម្លាប់នៅវាលពិឃាត នៅពីមុខមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតផងដែរ។ តាមសារព័ត៌មាន DAILYMAIL បានចុះផ្សាយថា ទីក្រុងព្យុងយ៉ាងបានធ្វើការចោទប្រកាន់ពួកគេថា បានលក់ព័ត៌មានសំខាន់ៗជាច្រើនឲ្យទៅអាមេរិក មុនពេលដែលលោក គីម ជុងអ៊ុន ជួបប្រជុំជាមួយនឹងលោក ដូណល ត្រាំ ដែលបានរៀបចំឡើងនៅក្នុងប្រទេសវៀតណាមកាលពីខែ កុម្ភៈកន្លងទៅនេះ។

ប្រភពដដែលនេះបានបន្តថា ដោយសារតែមានការបែកធ្លាយព័ត៌មានសម្ងាត់នេះហើយ ទើបធ្វើឲ្យការចចារវាងលោក គីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ ត្រូវទទួលបរាជ័យដោយកិច្ចប្រជុំមិនបានបន្សល់ទុកនូវកិច្ចព្រមព្រៀងណាមួយឡើយ។ សូមបញ្ជាក់ជូនថា ទោសប្រហារជីវិតត្រូវបានកូរ៉េខាងជើងអនុវត្តជារឿយៗចំពោះជនជាតិកូរ៉េខាងជើងរូបណា ដែលបានធ្វើសកម្មភាពឲ្យប៉ះពាល់ដល់របបដឹកនាំរបស់ក្រុងព្យុងយ៉ាងរួមទាំងបងប្រុសរបស់លោក គីម ជុងអ៊ុនម្នាក់ក៏ត្រូវបានគេធ្វើឃាតសម្លាប់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail