ព័ត៌មាន April 25, 2019 lyda
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្តេជ្ញាស្វែងរកចំណងមិត្តភាពកាន់តែជិតស្និទ្ធ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្បថថា នឹងស្វែងរកចំណងមិត្តភាពកាន់តែជិតស្និទ្ធ ក្នុងឱកាសជួបគ្នាផ្ទាល់នៅថ្ងៃព្រហស្បតិ៍ ទី២៥ មេសា ជាលើកដំបូង។ កិច្ចប្រជុំនៅទីក្រុង Vladivostok នៅភាគខាងកើតប្រទេសរុស្ស៊ីនេះ ប្រព្រឹត្តឡើងដោយមេដឹកនាំកូរ៉េខាងជើង កំពុងស្វែងរកការគាំទ្រពីលោកពូទីន ខណៈពេលដែលកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនមិនទទួលបានជោគជ័យ។

ក្នុងសេចក្តីថ្លែងការណ៍សង្ខេបមុនពេលឈានដល់កិច្ចចរចា មេដឹកនាំទាំង ២ បានសម្តែងនូវក្តីសង្ឃឹមរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រ។ លោក គីម បាននិយាយថា៖ «ខ្ញុំគិតថាវានឹងក្លាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានមិត្តភាព និងប្រវត្តិសាស្រ្តយូរអង្វែង ទៅរកស្ថេរភាព និងភាពសុខសប្បាយ»។ ចំណែកលោក ពូទីន បានប្រាប់ទៅលោក គីម វិញថា លោកគាំទ្រកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េទៀតផង៕

អត្ថបទ៖ លីដា
ប្រភព៖ bbc