ព័ត៌មាន April 25, 2019 lyda
ក្រុមហ៊ុនចិនមួយត្រូវបានគេដកហូតអាជ្ញាប័ណ្ណ និងពិន័យជាប្រាក់ចំនួន ១៧,០០០ដុល្លារអាមេរិក ដោយសារបោះពុម្ពសៀវភៅលំហាត់សិស្សប្រើពាក្យ​ចម្អេះចម្អាស

ក្រុមហ៊ុននៅសៀងហៃមួយត្រូវបានគេពិន័យជាប្រាក់ចំនួន ១១៥,០០០យ័ន (១៧,០០០ ដុល្លារអាមេរិក) និងបានដកហូតទាំងអាជ្ញាប័ណ្ណអាជីវកម្មរបស់ពួកគេទៀតផង បន្ទាប់ពីពួកគេបានបោះពុម្ពផ្សាយសៀវភៅលំហាត់មួយ ដែលនិយាយអំពី «កន្សែងរបស់អ្នកម៉ាក់» ដែលជារឿងកំប្លែងអាសអាភាស។ រឿងកំប្លែងមួយនេះត្រូវបានដាក់ជាកិច្ចការផ្ទះដល់សិស្សថ្នាក់ ទី៨ នៅសាលាឯកជន SMIC នៅតំបន់ Pudong ។ ខាងក្រោមនេះគឺជារូបថតនៃលំហាត់កិច្ចការ ដែលតម្រូវឱ្យសិស្សផ្តល់ជាគំនិតមួយនោះ៖

បន្ទាប់ពីកិច្ចការនេះត្រូវបានអាណាព្យាបាលរកឃើញកាលពីខែមករា សាលាឯកជន SMIC ដែលបានប្រើប្រាស់កិច្ចការមួយនេះ បានចេញសេចក្តីថ្លែងការសុំទោសចំពោះការបរាជ័យក្នុងការពិនិត្យមើលខ្លឹមសារនៃសៀវភៅកិច្ចការមួយនេះ ខណៈពេលដែលពួកគេបានប្រកាសថា សៀវភៅទាំងនោះត្រូវបានប្រមូលទៅវិញ ហើយសមាជិកបុគ្គលិករបស់ខ្លួនចំនួន ២នាក់ ត្រូវបានដាក់ទណ្ឌកម្ម។

ប៉ុន្តែរឿងរ៉ាវនៅបន្តដល់សប្តាហ៍នេះ ដោយយោងតាមសារព័ត៌មាន Shine បានឱ្យដឹងថា សៀវភៅនេះត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Shanghai DongFang Laser Education Culture ដែលមានអាជ្ញាប័ណ្ណលក់សៀវភៅ ប៉ុន្តែមិនមានច្បាប់សម្រាប់បោះពុម្ពផ្សាយនោះទេ ដែលនេះជាលទ្ធផលនៃការពិន័យ និងការបាត់បង់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនទៅវិញ។ ក្រុមហ៊ុននេះបានបោះពុម្ពសៀវភៅចំនួន ៥០០ច្បាប់ ដោយខុសច្បាប់ និងលក់វាទៅឱ្យសាលាឯកជន SMIC និងសាលាមធ្យមសិក្សា Luoshan នៅសៀងហៃ។ យ៉ាងណាមិញច្បាប់ចម្លងទាំងអស់របស់ក្រុមហ៊ុនត្រូវបានរឹបអូសអស់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ shanghai