មេឃក្តៅខ្លាំងពេកនៅថៃ មិនមែនតែមនុស្សទេដែលពិបាក សូម្បីតែសត្វចិញ្ចឹមក៏ធ្លាក់ខ្លួនឈឺ និងស្លាប់ដែរ

យោងតាមសារព័ត៌មាន Coconuts បានឱ្យដឹងថា ដោយសារតែមួយរយៈចុងក្រោយនេះ ប្រទេសក្នុងអាស៊ី​អា​គ្នេ​យ៏កំពុងជួបនឹងបញ្ហាអាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យមនុស្ស និងសត្វជួបនឹងបញ្ហាផ្សេងៗ។ ជាស្តែងឆ្កែជាទីស្រឡាញ់របស់តារាចម្រៀងរ៉ុកលោក Athiwara Khongmalai ពូជ bulldog ក៏បានស្លាប់កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា ដោយសារតែកម្តៅក្តៅខ្លាំងពេកនេះ ហើយនេះមិនមែនជាករណីតែមួយដែលកំពុងតែមាននោះទេ។

លោក Pong Techapongtada ជាពេទ្យសត្វរបស់បសុពេទ្យ Thonglor បានប្រាប់អ្នកព័ត៌មានថា ម្ចាស់សត្វចិញ្ចឹមជាច្រើនបានប្រញាប់ប្រញាល់នាំយកសត្វចិញ្ចឹមរបស់ពួកគេមកបន្ទប់សង្គ្រោះបន្ទាន់ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែក៏មានករណីខ្លះពួកគេក៏មិនអាចនាំយកសត្វជាទីស្រឡាញ់របស់ពួកគេមកសង្គ្រោះឱ្យទាន់ពេល ហើយម្ចាស់ហាងថែរក្សាសត្វចិញ្ចឹមខ្លះក៏បានរាយការណ៍ពីបញ្ហាស្រដៀងគ្នានេះផងដែរ។ បើមើលទៅតាមរូបភាពខាងក្រោមសត្វចិញ្ចឹមទាំងនេះឈឺរហូតដល់ធ្លាក់ឈាម ហើយមិនដឹងថាពួកវាឈឺចាប់ប៉ុណ្ណានោះទេ។

ចំណែកករណីមួយទៀត មានស្ត្រីម្នាក់ទុកទូរសព្ទចោលក្នុងរថយន្ត ប៉ុន្តែដោយសារតែមេឃក្តៅពេកវាក៏ផ្ទុះធ្វើឱ្យឆេះខូចដល់កញ្ចក់រថយន្តថែមទៀតផង។ យ៉ាងណាមិញដូចយើងទាំងអស់គ្នាបានដឹងហើយថា ដោយសារតែបាតុភូត El nino ធ្វើឱ្យអាកាសធាតុក្នុងតំបន់អាស៊ីក្តៅលើសពីធម្មតា។ ដូច្នេះហើយដើម្បីជាការប្រុងប្រយ័ត្ន សូមថែរក្សាទ្រព្យសម្បត្តិរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាពខ្ពស់ និងបង្កើនការថែរក្សាមនុស្ស និងសត្វជាទីស្រឡាញ់របស់អ្នកឱ្យបានល្អ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz