ព័ត៌មាន April 26, 2019 lyda
ថៃចំណាយលុយជាង ១៥លានដុល្លារអាមេរិក ដើម្បីទាញយកថាមពលនុយក្លេអ៊ែរមកប្រើប្រាស់

ថៃ៖ អាជ្ញាធរបង្កើតអគ្គិសនីថៃ (Egat) កំពុងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ (Tint) ដើម្បីធ្វើម៉ាស៊ីនគំរូសម្រាប់បំលែងថាមពលនុយក្លេអ៊ែរពីប្រតិកម្មផ្សំរបស់វា។ ម៉ាស៊ីនគំរូនោះមានឈ្មោះថា tokamak ជាមួយនឹងការចំណាយនៃការអភិវឌ្ឍដែលបានប៉ាន់ស្មានប្រហែល ៥០០ លានបាត (១៥,៦២៥,០០០ ដុល្លារអាមេរិក)។ អាជ្ញាធរ Egat នឹងផ្តល់ថវិកាចំនួន ២៣០លានបាត (៧,១៨៣,០០០ ដុល្លារអាមេរិក) សម្រាប់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ។

លោក Patana Sangsriroujana អនុប្រធានយុទ្ធសាស្រ្ត Egat បាននិយាយថា ម៉ាស៊ីន Tokamak ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំ។ ទីភ្នាក់ងារទាំងពីរចង់បញ្ចប់ជំហានដំបូងនៃបច្ចេកវិទ្យាប្លាស្មា មុនពេលសាកល្បងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។ ការធ្វើតេស្តនេះនឹងត្រូវបានធ្វើឡើងស្របជាមួយរ៉េអាក់ទ័រពិសោធន៍នុយក្លេអ៊ែរអន្តរជាតិ (ITER) ដែលជាការស្រាវជ្រាវដ៏ធំមួយ និងជាវិស្វកម្មដ៏ធំមួយ ដែលពិសោធន៍រូបវិទ្យាប្លាស្មាដ៏ធំបំផុតក្នុងពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ bangkokpost