ក្រុមហ៊ុន LG នឹងឈប់ផលិតស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង និងផ្លាស់រោងចក្រទៅផលិតនៅវៀតណាមវិញ

ក្រុមហ៊ុនអេឡិចត្រូនិច LG (LG Electronics) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ឈប់ការផលិតស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង និងផ្លាស់ប្តូរផលិតកម្មទៅប្រទេសវៀតណាម ដោយចូលរួមជាមួយគូប្រជែងនៅទូទាំងពិភពលោក ដែលកំពុងធ្វើការផ្លាស់ប្តូររោងចក្ររបស់ខ្លួនទៅកាន់ទីតាំងមានតម្លៃទាប ខណៈដែល LG កំពុងប្រឈមនឹងតម្រូវការធ្លាក់ចុះជាសកល។ ក្រុមហ៊ុន Samsung Electronics Co Ltd ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោក ក៏បានឱ្យដឹងកាលពីចុងឆ្នាំមុនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការផលិតទូរស័ព្ទចល័តរបស់ខ្លួននៅឯរោងចក្រក្នុងប្រទេសចិន។

យ៉ាងណាមិញក្រុមហ៊ុន Sony Corp របស់ប្រទេសជប៉ុនក៏កំពុងបិទរោងចក្រស្មាតហ្វូនរបស់ខ្លួននៅក្រុងប៉េកាំងផងដែរ ខណៈដែលក្រុមហ៊ុននេះព្យាយាមដើម្បីធ្វើឱ្យមានប្រាក់ចំណេញឡើងវិញ។ ក្រុមហ៊ុន LG ដែលអាជីវកម្មទូរស័ព្ទរបស់ខ្លួនបានខាតបង់ប្រាក់ជាច្រើនឆ្នាំមកហើយនោះបានឱ្យដឹងថា វិធានការនេះនឹងជំរុញសមត្ថភាពផលិតទូរស័ព្ទប្រចាំឆ្នាំរបស់ខ្លួននៅវៀតណាមឱ្យបាន ៨៣ភាគរយ រហូតដល់ ១១លានគ្រឿង នៅឆមាសទីពីរឆ្នាំនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន LG Electronics បានកើនឡើង ២ភាគរយ ធៀបនឹងការធ្លាក់ចុះ ០.៣ ភាគរយនៅក្នុងទីផ្សារធំ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider