ដើម្បីកុំឱ្យបុគ្គលិក Spoil រឿង Avengers: Endgame ថៅកែម្នាក់នេះកក់សំបុត្រមួយសាលធំឱ្យមើលទាំងអស់គ្នាតែម្តង

ដូចលោកអ្នកធ្លាប់បានដឹងរួចមកហើយថា ប៉ុន្មានរយៈនេះ Avengers: Endgame កំពុងក្លាយជាប្រធានបទក្តៅគគុក នៅតាមបណ្តាលបណ្តាញសង្គមធំៗដូចជា៖ Twitter Facebook និង Reddit… ដោយពួកគេចូលចិត្តទាយទុកមុនទៅលើសាច់រឿង តួអង្គដែលពួកគេចូលចិត្តជាដើម។ អ្វីដែលសំខាន់អ្នកគាំទ្រតែងតែឈឺក្បាលជាមួយពួក spoiler ដែលពួកនេះតែងតែធ្វើឱ្យអ្នកមិនទាន់បានទៅទស្សនារឿងខូចអារម្មណ៍អស់ ហើយចំពោះអ្នកដែលចង់ទៅទស្សនាដោយក្តីរំភើប ប្រហែលជាត្រូវបោះបង់ការលេងបណ្តាញសង្គមមួយរយៈ ទម្រាំតែពួកគេបានទៅមើលរឿងដោយផ្ទាល់ភ្នែក។

ខណៈមានអ្នកមួយចំនួនគាត់រវល់ និងមិនអាចទៅមើលថ្ងៃបញ្ចាំងដំបូងបាន វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រឈមមុខជាមួយពួក spoiler នៅតាមបណ្តាញសង្គម។ យ៉ាងណាមិញចៅហ្វាយនាយម្នាក់មកពីក្រុមហ៊ុន CMRS Group ដែលមានទីតាំងនៅហុងកុងគាត់មានគំនិតល្អមួយ ដោយគាត់បានកក់សំបុត្រមួយសាលធំនៅក្នុងថ្ងៃបញ្ចាំងដំបូងតែម្តង ដើម្បីឱ្យបុគ្គលិកទាំងអស់បានទស្សនារឿងទាំងអស់គ្នា។ វាពិតដូច «ព្រួញមួយបាញ់បានចាបពីរ» អីចឹង ដោយពួកគាត់អាចបង្កើនទំនាក់ទំនងល្អនៅក្នុងកន្លែងធ្វើការ និងទប់ស្កាត់ពួក spoiler ក្នុងពេលតែមួយ។

យ៉ាងណាមិញពួកគេក៏បានបង្ហោះសារទៅក្នុងបណ្តាញ Facebook ថា៖ «នេះមិនមែនជាផ្នែកមួយនៃផលប្រយោជន៍របស់ក្រុមហ៊ុននោះទេ ប៉ុន្តែវាធ្វើឱ្យយើងអាចសម្របខ្លួនទៅនឹងស្ថានភាព។ ដោយសារតែពួកយើងត្រូវការប្រើ Facebook, Instagram និង WeChat សម្រាប់ការងារ ពួកយើងមានហានិភ័យខ្ពស់ក្នុងការជួបជាមួយពួក spoil សាច់រឿច Avengers: Endgame ដូច្នេះនៅព្រឹកនេះក្នុងអំឡុងម៉ោងធ្វើការរបស់យើង លោកចៅហ្វាយក៏ឱ្យពួកយើងកក់សាលធំទាំងមូល ហើយមើលខ្សែភាពយន្តជុំគ្នា ដើម្បីជៀសវាងពួក spoiler» ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz