ព័ត៌មាន April 26, 2019 lyda
ក្រុមហ៊ុន Tesco ចេញសេចក្តីជូនដំណឹង ប្រមូលយកមកវិញនូវផលិតផលស្រោមអនាម័យ Durex ដែលមានលេខកូដដូចខាងក្រោម

ក្រុមហ៊ុនយក្ស Tesco បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលផលិតផលស្រោមអនាម័យ Durex បន្ទាប់ពីពួកគេបានបរាជ័យក្នុងការធ្វើតេស្ត «burst test» ទៅលើផលិតផលនេះ។ ចំណែកតាមហាងទំនិញនានាក៏បានជំរុញឱ្យអតិថិជនពិនិត្យឡើងវិញនូវស្រោមអនាម័យ Durex Real Feel និង Durex Latex Free ដោយអតិថិជនត្រូវបានគេជម្រុញឱ្យពិនិត្យមើលលេខកូដ (batch) ទាំងនៅលើប្រអប់ និងកញ្ចប់របស់វា។ ហើយអតិថិជនដែលទិញប៉ះចំលេខកូដដែលត្រូវបានប្រកាសឱ្យប្រមូលមកវិញនេះ នឹងត្រូវទទួលសំណងពេញលេញមកវិញផងដែរ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Durex បាននិយាយថា៖ «ស្រោមអនាម័យរបស់យើងមានគោលបំណងផ្តល់វិធីពន្យារកំណើត និងទប់ស្កាត់ការឆ្លងជំងឺកាមរោគ តាមរយៈរបាំងមិនមែនជាជ័រកៅស៊ូ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដែលទន់ខ្សោយជាមួយជាតិជ័រ (latex) នេះ»។ យ៉ាងណាក៏ដោយមិនមែនឱ្យតែផលិតផលរបស់ Durex សុទ្ធតែកំពុងមានបញ្ហានោះទេ ដោយបញ្ហារបស់វាគឺមានតែចំពោះលេខកូដ (batch) មួយចំនួន ដែលកំពុងត្រូវបានប្រកាសឱ្យប្រមូលមកវិញប៉ុណ្ណោះ។

លេខកូដទាំងនោះមានដូចជា៖ Durex Real Feel ១២កញ្ចប់ – លេខកូដ 1000444370 ផុតកំណត់ Feb 2021 និង Durex Latex Free ១៨កញ្ចប់ – លេខកូដ 1000430479 ផុតកំណត់ Jan 2021 ។ ក្រុមហ៊ុនក៏បានណែនាំអតិថិជនឱ្យស្វែងរកដំបូន្មានពីវេជ្ជបណ្ឌិត ឬឱសថការីឱ្យបានឆាប់តាមដែលអាចធ្វើបាន ដោយមិនលើសពី ៧២ម៉ោង ប្រសិនបើស្រោមអនាម័យរបស់អ្នកត្រូវបានដាច់រហែក៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail