រថយន្ត May 2, 2019 lyda
អីយ៉ាស! ស្ងាត់ៗឮថា Cristiano Ronaldo ទិញ Bugatti La Voiture Noir ដែលល្បីថា ថ្លៃជាងគេក្នុងពិភពលោកនាសម័យកាលនេះ

ថ្មីៗនេះរថយន្ត Bugatti ម៉ូដែល La Voiture Noire បានក្លាយជារថយន្តថ្លៃបំផុតនៅលើពិភពលោក ដែលវាមានតម្លៃរហូតដល់ជិត 19 លានដុល្លារអាមេរិក។ ដំបូងឡើយវាត្រូវបានគេគិតថា អតីតប្រធានក្រុម VW Group លោក Ferdinand Piech គឺជាអ្នកទិញ hypercar មួយនេះ ប៉ុន្ដែរបាយការណ៍ថ្មីដោយកាសែត Marca របស់អេស្ប៉ាញបានអះអាងថា ម្ចាស់ដ៏មានសំណាងរបស់វាគឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ។

យ៉ាងណាក៏ដោយ CR7 ក៏នៅតែត្រូវរង់ចាំរហូតដល់ ឆ្នាំ2021 ទើបបានជិះរថយន្ត Bugatti La Voiture Noire មួយនេះ ព្រោះវានៅមិនទាន់ដំឡើងបានរួចរាល់ជាស្ថាពរនោះទេ។ ប្រធានទំនាក់ទំនងលោក Tim Bravo បាននិយាយថា៖ «រថយន្តនេះគឺមិនទាន់ធ្វើរួចនោះទេ យើងទើបតែចាប់ផ្តើមធ្វើការលើគម្រោងរបស់វានៅពាក់កណ្តាលឆ្នាំមុន នៅពេលដែលអតិថិជនយល់ព្រមលើសំណើគម្រោងរបស់យើង យើងក៏ចាប់ផ្ដើមសាងសង់វា ហើយ 2 ទៅ 2 ឆ្នាំកន្លះ ទើបរួចរាល់»។ ខាង Bugatti ក៏បានសារភាពដែរថា ជាការពិតការរចនាផ្នែកខាងក្នុង (interior) របស់វាក៏នៅមិនទាន់ធ្វើរួចដែរ។

Bugatti La Voiture Noire មួយនេះត្រូវបានគេឱ្យដឹងត្រួសៗថា បំពាក់ដោយម៉ាស៊ីន quad-turbo W16 ទំហំចំណុះ 8.0លីត្រ ថាមពល 1,479 សេះ (1,500 PS) កម្លាំងបង្វិល 1,600Nm (1,180 lb-ft) ដូចនឹងម៉ូដែល Chiron ដែរ។ ប្រសិនបើ Ronaldo ពិតជាម្ចាស់របស់វាមែន កំពូលតារាបាល់ទាល់របស់ក្លឹប Juventus មួយរូបនេះច្បាស់ណាស់ថា ជាអ្នកចូលចិត្តរថយន្ត Bugatti ។ ថ្មីៗនេះគាត់ក៏ទើបតែទិញ Bugatti Veyron Grand Sport បន្ទាប់ពីព័រទុយហ្គាល់ឈ្នះពានរង្វាន់អឺរ៉ុប (European Cup) ហើយគាត់ក៏មាន Bugatti Chiron មួយគ្រឿងផងដែរ ដែលទាំងអស់នេះអាចនិយាយបានថា គាត់អាចដាក់ចូលជា collection រថយន្តប្រណីត និងមានតម្លៃថ្លៃបាន៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops