រថយន្ត May 3, 2019 lyda
គិតម៉េចដែរ បើ Ford Mustang ប្រែជាប្រភេទ SUV មានរូបរាងបែបនេះវិញ?

ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញនូវរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅចុងឆ្នាំ 2020 ។ រថយន្តនេះនឹងយកគំរូរចនាតាមម៉ូដែល Mustang ហើយវាក៏ជាប្រភេទ crossover ដែលអាចធ្វើដំណើរបានរហូតចម្ងាយ ៦០០គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្តង។ រថយន្តដែលមិនទាន់បង្ហាញឈ្មោះពិតប្រាកដនេះ ធ្លាប់ត្រូវបានគេហៅថា «Mach 1» ហើយសព្វថ្ងៃវាត្រូវបានគេហៅថា «Mach-E» ។ រថយន្តអគ្គីសនីនេះនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ ដែលវានឹងក្លាយទៅជាគូប្រជែងជាមួយនឹង Model X របស់ Tesla ទៅលើសមត្ថភាពបើកបរបានឆ្ងាយនៅពេលសាកថ្មពេញម្តង។

ក្រុមហ៊ុន Ford ដែលមានមូលដ្ឋាននៅរដ្ឋ Michigan សហរដ្ឋអាមេរិក ក៏បានប្រាប់ផងដែរថា Mach 1 នឹងមានដំណើរការសាកថ្ម ដែលជាបទពិសោធមួយដ៏មានប្រសិទ្ធភាពមិនថានៅផ្ទះ និងនៅតាមដងផ្លូវ។ Ford បានបន្ថែមថា វាត្រូវបានរៀបចំឡើងវិញនូវបទពិសោធជាម្ចាស់កម្មសិទ្ធិ ដើម្បីធានាថាវានឹងដោះស្រាយនូវបញ្ហារបស់អតិថិជន ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ (បញ្ហាដែលអតិថិជនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញរថយន្តអគ្គិសនី)។ យ៉ាងណាមិញខាង Ford មិនទាន់ឱ្យព័ត៌មានលម្អិតទាក់ទិននឹងកម្លាំង ឬម៉ាស៊ីនបំពាក់របស់វានៅឡើយទេ មានតែត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ ឬយ៉ាងលឿនបំផុតក្នុងចុងឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops