រថយន្ត May 4, 2019 lyda
រថយន្តតូយ៉ូតា Prius Prime ស៊េរីឆ្នាំ 2020 កៅអី 5 នឹងមានលក់នៅរដូវក្តៅនេះហើយ តម្លៃចាប់ពី 27.600ដុល្លារ ក្នុងទីផ្សារអាមេរិក

រថយន្តតូយ៉ូតា Prius Prime ស៊េរីឆ្នាំ 2020 នឹងត្រូវនាំទៅកាន់សហរដ្ឋអាមេរិនៅរដូវក្តៅនេះហើយ ជាមួយនឹងការ update ឱ្យទាន់សម័យមួយចំនួន។ ការធ្វើទំនើបកម្មមួយចំនួនរបស់វាគឺទៅផ្នែកកាប៊ីនរថយន្ត ហើយការផ្លាស់ប្តូរដ៏ធំមួយទៀតនោះគឺការបន្ថែមកៅអីខាងក្រោយ ដែលអាចឱ្យអ្នកធ្វើដំណើរអង្គុយបានរហូតដល់ 5 នាក់។ វាមានកៅអីធំខាងក្រោយចំនួន 2 ជាធម្មតា ប៉ុន្តែម៉ូដែលនេះនឹងបំពាក់មកជាមួយនឹងកូនកៅអីនៅចំកណ្តាលមួយទៀត ដើម្បីឱ្យវាក្លាយទៅជាកៅអីទី 5​ របស់រថយន្ត។

ចំណែកបច្ចេកវិទ្យានៅផ្នែកកាប៊ីនរថយន្ត វាមានបំពាក់នូវរន្ធដោត USB ចំនួន 2 សម្រាប់អ្នកដំណើរកៅអីក្រោយ។ សំខាន់ជាងនេះទៅទៀត Prius Prime មានវិទ្យុផ្កាយរណប SiriusXM ក៏ដូចជា Amazon Alexa និង Apple CarPlay ។ ប្រភេទ Hybrid នឹងបំពាក់ដោយ powertrain 4ស៊ីឡាំង ទំហំចំណុះ 1.8លីត្រ ជាមួយនឹងម៉ូទ័រអេឡិចត្រិច និងកញ្ចប់ថ្មលីចូមអ៊ីយ៉ុង ទំហំ 8.8kWh ដែលអាចបំពេញថាមពលសរុបបាន 121សេះ (90 kW / 123 PS) ។

តម្លៃរបស់ម៉ូដែលថ្មីនេះបានកើនឡើងបន្តិចបន្តួចពីម៉ូដែលចាស់ ដោយ Prius Prime LE មានតម្លៃចាប់ពី 27.600ដុល្លារអាមេរិក និងXLE មានតម្លៃចាប់ពី 29.500ដុល្លារអាមេរិក ខណៈប្រភេទ Limited មានតម្លៃចាប់ពី 33.500 ដុល្លារអាមេរិក។

អត្ថបទ៖ លីដា
ប្រភព៖ carscoops