សកម្មជនការពារសិទ្ធិកុមារថា Facebook Dating អាចជំរុញឲ្យកុមារក្លាយជាគោលដៅប្រមាញ់ផ្លូវភេទ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Facebook ទើបតែបានដាក់បង្ហាញនូវមុខងារថ្មីមួយគឺមុខងារ Facebook Dating ឬ Dating Apps ដែលមុខងារនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងរកគូស្នេហ៍។ យ៉ាងណាក្តី មុខងារថ្មីនេះអាចដំណើរការបានតែនៅក្នុងប្រទេសចំនួន ១៤ ប៉ុណ្ណោះ។ ទន្ទឹមនឹងការមកដល់នូវមុខងារថ្មីនេះ លោកស្រី Sharmila Sekaran សកម្មជនការពារសិទ្ធិកុមារប្រចាំនៅប្រទេសម៉ាឡេស៊ីបានធ្វើការព្រមានថា ការមកដល់នូវកម្មវិធីនេះនឹងអាចជំរុញឲ្យកុមារក្លាយជាគោលដៅប្រមាញ់ផ្លូវភេទពីសំណាក់ជនខិលខូចមួយចំនួនផងដែរ។

លោកស្រីបានបន្តថាបច្ចុប្បន្ននេះក្មេងៗមានអាយុត្រឹមតែ ១២ ឬ ១៣ ឆ្នាំ ឬក្មេងជាងនេះ គឺមានគណនី Facebook សម្រាប់ប្រើប្រាស់ទៅហើយ ដែលពួកគេនឹងក្លាយជាជនងាយរងគ្រោះពីការបោកប្រាស់ផ្លូវភេទពីសំណាក់ជនខិលខូច។ ដើម្បីទប់ស្កាត់និន្នាការនេះ លោកស្រីបានស្នើសុំឲ្យម្តាយឪពុកគ្រប់រូបត្រូវចេះតាមដានកូនៗ ដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គមឲ្យបានដិតដល់ ដើម្បីដាស់តឿនពួកគេពីបញ្ហាបោកប្រាស់ផ្សេងៗដែលអាចកើតមានក្នុងបណ្តាញសង្គម ព្រោះថានៅតាមបណ្តាញអ៊ីនធឺណិតសម្បូរជនខិលខូចណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz