ប៉ូលិសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កំពុងតែក្រពុលមុខ ដោយសារឥលូវសំបូរចោរកាច់កញ្ចក់ឡានពេក ហើយលួចកាច់តែឡានថ្លៃៗទៀត

យោងតាមកាសែតញូវយ៉កប៉ុស្តិ៍ (New York Post) បានរាយការណ៍ថា រថយន្តមួយចំនួននៅតំបន់ Manhattan កំពុងត្រូវបានគេកំណត់ជាគោលដៅថ្មី ដោយសារតែកញ្ចក់ចំហៀងរបស់រថយន្ត ដែលមានតម្លៃថ្លៃទាំងនោះត្រូវបានគេលួច។ យោងតាមនាយកដ្ឋានប៉ូលីសក្រុងញូវយ៉កបានឱ្យដឹងថា យានយន្តចំនួន ១៨គ្រឿង ចន្លោះពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២៦ ខែមេសា មានគេរាយការណ៍ថា បានបាត់កញ្ចក់ចំហៀង។

ចោរកម្មចំនួន ១០ បានកើតឡើងនៅម្តុំ 20th Precinct ចន្លោះផ្លូវ West 59th និងផ្លូវ West 86th ខណៈបួននាក់ផ្សេងទៀតបានកើតមានឡើងនៅម្តុំ 24th Precinct ដូចគ្នា ចន្លោះផ្លូវ West 86th និងផ្លូវ West 110th ។ រថយន្តដែលជាគោលដៅរបស់លោកចោររួមមាន៖ Audi, Porsche, Mercedes-Benz, Lexus និង BMW ដែលភាគច្រើនត្រូវបានបំពាក់ដោយកញ្ចក់ចំហៀង ដែលបង្កប់កាមេរ៉ានៅខាងក្នុងដែលមានតម្លៃចាប់ពី ១,៥០០ដុល្លារ ដល់ ២,០០០ដុល្លារអាមេរិក ក្នុងមួយចំហៀង៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops