សង្គម May 10, 2019 Khmernote
ក្រសួងសាធារណការ លើកយកគម្រោងធ្វើផ្លូវរថភ្លើងក្រោមដី នៅភ្នំពេញ មកពិភាក្សាជាមួយក្រុមហ៊ុន ចិន ដើម្បីរំដោះការកកស្ទះចរាចរណ៍

នៅក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំក្រសួងទើបត្រូវបានតែងតាំងថ្មី និងការបែងចែកភារកិច្ច កាលពីម្សិលមិញនេះនៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកយកគម្រោងផ្លូវដែកជាច្រើន ដើម្បីមកពិភាក្សាជាមួយនឹងគណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលមកធ្វើទស្សនកិច្ច នៅកម្ពុជា។ ក្នុងនោះក៏មានគម្រោងផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញផងដែរ ដែលឯកឧត្តម លើកយកមកជជែកជាមួយក្រុមហ៊ុន CRCC ក្នុងគោលបំណងរំដោះការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

<

នៅក្នុងអង្គប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកយកនូវគម្រោងផ្លូវដែកដូចជា៖ ការសិក្សាលើការអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់របស់កម្ពុជា (ភាគខាងត្បូង និងភាគខាងជើង) ការសិក្សាផ្លូវរថភ្លើងដឹកអ្នកដំណើរធុនស្រាល (Monorail) និងការសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយដែលមានប្រសិទ្ធភាពអាចកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរទាក់ទងនឹងគម្រោងសាងសង់កំពង់ផែ គម្រោងសាងសង់ ផ្លូវលេខ ៧១C គម្រោងសាងសង់ផ្លូវលេខ១០ គម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ៥៥ គម្រោងកំពុង ដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីបញ្ចប់ឱ្យបានរួចរាល់នៅខែកញ្ញា ឆ្នាំ២០២២ មុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ៕