បច្ចេកវិទ្យា May 11, 2019 Khmernote
Samsung កំពុងញាប់ដៃញាប់ជើងពិនិត្យបញ្ហារបស់ Galaxy Fold ហើយនឹងប្រកាសថ្ងៃដាក់លក់ម្តងទៀត

កាលពីពេលថ្មីៗនេះ CEO ប្រចាំក្រុមហ៊ុន Samsung លោក DJ Koh បានធ្វើការបញ្ជាក់ឲ្យដឹងថា ពេលនេះខាងក្រុមហ៊ុនកំពុងតែធ្វើការពិនិត្យឡើងវិញម្តងហើយម្តងទៀត ចំពោះប្រភេទទូរស័ព្ទដែលអាចបត់អេក្រង់បានគឺម៉ូឌែល Galaxy Fold មុនពេលធ្វើការចេញលក់ជាផ្លូវការម្តងទៀតនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ការពិនិត្យជាច្រើនលើកច្រើនដងនេះ ក៏ព្រោះតែខាងក្រុមហ៊ុនចង់ពិនិត្យស្វែងរកផលប៉ះពាល់ផ្សេងៗនៅលើអេក្រង់ ដែលត្រូវបត់ចុះបត់ឡើងនោះ បន្ទាប់ពីបញ្ហាអេក្រង់នៅលើស្មាតហ្វូននេះបានកើតឡើងកាលពីប៉ុន្មានសប្តាហ៍មុន ហើយម៉្យាងទៀត ក្រុមហ៊ុនមិនចង់ឲ្យអតិថិជនខ្លួនមានការអាក់អន់ចិត្តចំពោះបញ្ហាផ្សេងៗដែលអាចកើតមានក្រោយពេលទិញទូរស័ព្ទយកទៅប្រើនោះទេ។ យ៉ាងណាក្តី តំណាងក្រុមហ៊ុន Samsung បានអះអាងថា រហូតមកទល់នឹងពេញនេះ ​ ចំណុចអសកម្មរបស់ Samsung Galaxy Fold មួយចំនួនតូចត្រូវបានគេអភិវឌ្ឍឲ្យល្អប្រសើរវិញអស់ហើយ​ ដូចនេះការចេញលក់ទូរស័ព្ទ Galaxy Fold នឹងត្រូវប្រកាសជាផ្លូវការម្តងទៀតនៅពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ gsmarena