ព័ត៌មាន May 11, 2019 lyda
ករណីជំងឺដ៏កាចសាហាវមួយ កំពុងធ្វើឱ្យប្រទេសសិង្ហបុរីបង្កើនការប្រុងប្រយ័ត្នខ្លួនខ្ពស់បំផុត

សិង្ហបុរីបានរាយការណ៍ពីករណីដំបូងនៃជំងឺ Monkeypox ដោយនាំចូលប្រទេសដោយជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានឆ្លងវីរុសដ៏កម្រនេះដោយសារគាត់បានបរិភោគសាច់សត្វព្រៃនៅក្នុងពិធីមង្គលការមួយ។ រោគសញ្ញាជំងឺ Monkeypox នៅក្នុងមនុស្សាមានដូចជា៖ ដុំពកតូចៗ គ្រុនក្ដៅ ស្ពឹកសាច់ដុំ ហើយវាមានដើមកំណើតចេញពីអាហ្វ្រិកកណ្តាល និងខាងលិច។ ការចម្លងរបស់វាគឺតាមរយៈការជិតស្និទ្ធជាមួយនឹងសត្វដែលមានជំងឺដូចជា៖ សត្វកកេរ និងសត្វស្វា ហើយមិនងាយឆ្លងមកមនុស្សទេ។ វាជាករណីកម្រ ដែលជំំងឺនេះអាចបណ្តាលឱ្យមនុស្សស្លាប់។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសដែលបានឆ្លងមេរោគនេះបានមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី ២៨ ខែមេសា។ ក្រសួងសុខាភិបាលបាននិយាយថា បុរសវ័យ ៣៨ឆ្នាំ នេះបានវិវត្តមានរោគសញ្ញាពីរថ្ងៃក្រោយពីការមកដល់ ហើយបច្ចុប្បន្នគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅមជ្ឈមណ្ឌលព្យាបាលជំងឺឆ្លងមួយ។ ក្រសួងសុខាភិបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះត្រូវបានគេតាមដាន។ ហើយអ្នកដែលមកដល់សិង្ហបុរីជាមួយគាត់ ក៏នឹងត្រូវតាមដាន និងដាក់ឱ្យនៅដាច់ដោយឡែកពីគ្នារយៈពេល ២១ថ្ងៃ ដើម្បីជាការប្រុងប្រយ័ត្ន។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក ក្រៅពីទ្វីបអាហ្វ្រិកករណីមានការឆ្លងមេរោគ Monkeypox លើមនុស្សធ្លាប់មានតែនៅប្រទេសដូចជា៖ អាមេរិក អង់គ្លេស និងអ៊ីតាលី ប៉ុណ្ណោះ។ ប្រទេសសិង្ហបុរីដែលជារដ្ឋធានីដ៏តូច ប៉ុន្តែពោរពេញដោយវិស័យពាណិជ្ជកម្ម និងទេសចរណ៍បរទេស បានពង្រឹងវិធានការប្រឆាំងនឹងជំងឺឆ្លង បន្ទាប់ពីប្រទេសនេះបានទទួលរងការវាយប្រហារយ៉ាងចាស់ដៃដោយការផ្ទុះឡើងនៃជំងឺ SARS កាលពី ឆ្នាំ២០០៣ ។ ដោយកាលនោះវាបានសម្លាប់មនុស្ស ៣៣នាក់ នៅប្រទេសសឹង្ហបូរី ដែលបណ្ដាលឱ្យមានការខាតបង់ធំធេងលើសេដ្ឋកិច្ចជាតិ និងបានធ្វើឱ្យបាត់បង់់ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាប្រទេសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail